​សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃការធ្វើជំរឿន​ ប្រជាជន​​​ឆ្នាំ២០១៩

ខេត្តព្រះសីហនុ៖ ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង​កាលពីព្រឹកថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយអធិបតីភាព លោក ឆាយ ថន ​រដ្ឋមន្ត្រីក្រសួងផែនការ- លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក សូ ជុងហួរ ប្រធានស្ដីទីក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ​មានចម្ងាយ ២៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ ហើយមានផ្ទៃក្រឡាសរុបប្រមាណ ២.៦៥៩គីឡូម៉ែត្រក្រឡា ដោយមានឆ្នេរសមុទ្រប្រវែង ១៧៥,៨១គីឡូម៉ែត្រ និងមានប្រជាពលរដ្ឋសរុបចំនួន ៣១០.០៧២នាក់ (ទិន្នន័យជំរឿនឆ្នាំ២០១៩) ចែកចេញជា ២ក្រុង- ៣ស្រុក- មាន ២៣ឃុំ-៦សង្កាត់ ឬស្មើនឹង១១១ភូមិ។

លោក​បន្តថា ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅក្នុងភាពសុខដុមរមនា ក្រោដំបូល(សន្តិភាព)។ ក្នុង​នោះដែរ រាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ក្នុងចក្ខុវិស័យ​ឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍ “ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុត​លើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៃច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ជាទីតាំងភូមិសាស្រ្ត នៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិតំបន់ និងអន្តរជាតិ​។

​ចំណែក លោក​ ឆាយ ថន ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងផែនការ មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាពលរដ្ឋរាជធានី-ខេត្តឆ្នាំ២០១៩ ដោយលទ្ធផលចុងក្រោយ នៃការគិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនប្រមាណជាង ០៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥លានគ្រួសារ នៅក្នុងទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រីបច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ បានបញ្ចប់ទាន់ពេលវេលា។

លោកបន្តថា ជំរឿនប្រជាជន និងលំនៅដ្ឋានជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កំរិតភូមិ។ ហើយថា ចំពោះលទ្ធផលជំរឿនទូទៅប្រជាជន ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃនេះមានសារៈប្រយោជន៍ ចំពោះរាជរដ្ឋាភិបាលស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ ជាពិសេសសម្រាប់ជាព័ត៌មានប្រើប្រាស់ របស់ខេត្តផ្ទាល់។ រាជរដ្ឋាភិបាលបានធ្វើកិច្ចការជាច្រើន ដើម្បីកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រជាជន ដើម្បីកាត់បន្ថយភាពក្រីក្រ និងទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបន្តថា លទ្ធផលចុងក្រោយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនខេត្តព្រះសីហនុ មានចំនួន ៣១០,០៧២នាក់ កើនឡើង ២២១,៣៩៦នាក់ នៅឆ្នាំ២០០៨។ អត្រាកំណើនប្រចាំឆ្នាំ មាន ៣,១ ភាគរយ នៅឆ្នាំ២០១៩។ ខេត្តព្រះសីហនុ រាប់បញ្ចូលជនបទេសមានជាង ៨ម៉ឺននាក់ផងដែរ។ ដង់ស៊ីតេប្រជាជន ក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើង ១១៤នាក់ ក្នុងឆ្នាំ២០០៨ ទៅ ១៦០នាក់ នៅឆ្នាំ២០១៩។ អត្រាចេះអាន និងសរសេរ ប្រជាជនខេត្តព្រះសីហនុសរុបចាប់ពីអាយុ ៧ឆ្នាំឡើង បានកើនឡើងពី ៨០,៧ភាគរយ ក្នុងឆ្នាំ២០០៨ ដល់ ៨៩,៩ភាគរយ នៅឆ្នាំ២០១៩។ គម្លាតនៅតិចតួចរវាងអត្រាអក្ខរភាពបុរស និងស្ត្រី មាន៩១,៧ភាគរយ សម្រាប់បុរស និង ៨៦,៩ភាគរយសម្រាប់ស្ត្រី។ ជាមួយគ្នានោះ ក៏ត្រូវយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយ សំបូរបែប ធានាឆ្លើយតបសេចក្តីត្រូវការការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទ រួមទាំងការសិក្សា ស្រាវជ្រាវ និងតម្រូវការទិន្នន័យសម្រាប់ថ្នាក់ក្រោមជាតិ តាមដែលអាចធ្វើបាន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង