សប្បុរសជន បានផ្ដល់ជំនួយដល់រដ្ឋាភិបាលខេត្តព្រះសីហនុ សម្រាប់សងអគារតេជោ ព្យាបាលជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញទទួលជំនួយមនុស្សធម៌ពីលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

លោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក មានប្រសាសន៍ថា លោកបានមកដល់ខេត្តព្រះសីហនុ ឃើញថា មានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនោះក៏មានអគារខ្ពស់ស្កឹមស្កៃជាច្រើនបម្រើឱ្យវិស័យវិនិយោគ និងសេដ្ឋកិច្ច។ តាមរយៈគំនិតផ្តួចផ្តើមក្នុងការសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលធ្វើឱ្យលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំយកថវិកាឧបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសាងសង់អគារនេះ។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ មិនត្រឹមតែផ្តល់ការព្យាបាលជូនអ្នកជំងឺកូវីដប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញផងដែរ។ លោកបានបន្ថែមថា ខេត្តព្រះសីហនុ មានបរិយាកាសល្អ អាចប្រកួតប្រជែងទៅនឹងប្រទេសនៅអឺរ៉ុប។

នាឱកាសនោះ លោក គួច ចំរើន អ​មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក ដែលបាននាំយកជំនួយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការចូលរួមចំណែកការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩។ ផ្អែកតាមគម្រោង អគារព្យាបាលតេជោ សម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល ប៉ុន្តែដោយសាបច្ចុប្បន្នជំងឺកូវីដកម្រិតស្រាល ត្រូវបានព្យាបាលនៅតាមផ្ទះ ដូច្នេះអគារនេះ នឹងធ្វើការអភិវឌ្ឍតាមសភាពការណ៍ ជាអគារព្យាបាលអ្នកជំងឺ ដែលធ្វើឱ្យតម្លៃសាងសង់មានការកើនឡើង។

សូមបញ្ជាក់ផងដែរថា ជំនួយដែលរដ្ឋបាលខេត្តទទួលបានរួមមាន៖ ថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង