ប្រទះឃើញថាស​លោហៈបុរាណ កប់ក្នុងដី នៅ​ខាងត្បូងប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ មន្រ្តីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក ឈូក សុម៉ាឡា បានឱ្យដឹងថា កាលពីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាស លោហៈបុរាណកប់ក្នុងដី នៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។

ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២ស.ម ជម្រៅបាតថាស ៣ស.ម ផ្ទៃបាតរាង មូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោង តូចៗព័ទ្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះ ពុំឃើញមានក្បាច់លម្អ ឬអក្សរអ្វីដែលអាចឱ្យកំណត់ពីអាយុកាល នៃវត្ថុនេះឱ្យបានច្បាស់លាស់នៅឡើយទេ។

បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកមករក្សាទុកជាបណ្តោះអាសន្ននៅមជ្ឈមណ្ឌលជាតិ ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕ ​រូបថត៖ ឃុត សៅ ​ AKP

អត្ថបទដែលជាប់ទាក់ទង