កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តព្រះសីហនុ៖ មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៀត ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីជួញដូរខុសច្បាប់ នូវសារធាតុញៀន។
សមត្ថកិច្ច បន្តថា ជនសង្ស័យទាំង ០៥នាក់ បានប្រព្រឹត្តបទល្មើសចំនួន ០៣ករណី ដាច់ដោយឡែកពីគ្នា រួមមានករណីទី០១ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ាន់ រ៉ាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ស្តិតក្រុម១៤ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាង ម្សៅសថ្លា ០២កញ្ចប់តូច (ទម្ងន់0.៣៨g), ទូរស័ព្ទដៃ ១គ្រឿង, និងលុយ ៤៥,០០០រៀល។ ជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅម៉ោង ១៧ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបុរីសុខឃាង ស្ថិតក្រុម១៤ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ករណីទី០២ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ឈ្មោះ អ៊ុត ប្រែម ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ ទី ញ៉េន ភេទប្រុស អាយុ ៣២ឆ្នាំ។ ហើយជនសង្ស័យទាំង ០២នាក់នេះ មានមុខរបបើកបរ ស្នាក់នៅក្រុម៦ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដូចគ្នា។
នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាងម្សៅសថ្លា ១កញ្ចប់តូច (ទម្ងន់ ០.៥៩g), ខ្សៀជក់១, ទូរស័ព្ទដៃចំនួន ២គ្រឿង, និងថវិកា ១០មុឺនរៀល។
ជនសង្ស័យទាំង ០២នាក់នេះ សមត្ថកិច្ច បានឃាត់ខ្លួន នៅម៉ោង ១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលរវៈ ៨០ចាស់ ស្ថិតក្រុម៦ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកករណីទី០៣ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ទៀត រួមមាន៖ ឈ្មោះ ស៊ុន សុផានិត ហៅឆ្លូញ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទី លំនៅបច្ចុប្បន្ន (ពេជ្រ និល ) ភូមិលេខ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងឈ្មោះ សុឹម សុភា ហៅអាវ៉េវ ភេទប្រុស អាយុ ១៧ឆ្នាំ មានមុខរបរធ្វើការផ្លូវល្បឿន មានទី លំនៅបច្ចុប្បន្ន (ពេជ្រ និល ) ភូមិលេខ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ០៥កញ្ចប់ (ទម្ងន់២,១៥g), ដែកកេះ ១, កាំបិត ១, ទូរស័ព្ទចំនួន ២គ្រឿង , ម៉ូតូ ម៉ាក Today ១គ្រឿង, និងប្រាក់រៀល ១០០.០០០រៀល។ ហើយបានឃាត់ខ្លួន កាលពីវេលាម៉ោង ១២ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សីលា នៅចំណុច ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសរួចហើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕ ដោយ៖ ហ្វារីត