នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម​៣នាក់ ​លួចកាត់​ខ្សែភ្លើងបំភ្លឺផ្លូវ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ក្រោយពួកគេ បានលួចកាត់យកខ្សែភ្លើង នៅចំណុចក្រុមហ៊ុនយិជា ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័​យម្នាក់ ដែលកម្លាំងនគរបាលជំនាញ​ឃាត់ខ្លួន មានឈ្មោះ រឿម គឹន ភេទប្រុស អាយុ ២៨​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុ​ច​អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ។ រីឯកបក្ខពួកចំនួន ០២នាក់ផ្សេងទៀត ដែល​រត់គេចខ្លួន សមត្ថកិច្ច ក៏កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោសឲ្យខាងតែបាន។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួម​មាន៖ ខ្សែភ្លើងចំនួន ២៣កំណាត់ និងសម្ភារៈ​ឧបកណ៍ធ្វើសកម្មភាពមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង