នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធគ្រឿងញៀន
រាជធានីភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០៩នាក់ មកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យទាំង ០៩នាក់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាល នៅតំបន់សំណង់មិនរៀបរយ ស្ថិតនៅភូមិមានជ័យ១ (ភូមិបច្ឆា) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយរកឃើញក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន០២កញ្ចប់តូច។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ ប្រភព៖ នគរបាលជាតិ