ពលរដ្ឋចោទក្រុមហ៊ុនសុខា ប្រើកម្លាំងសន្តិសុខ ហាមពួកគាត់មិនឲ្យ​ឈប់ទទួលទានអាហារ នៅតាមផ្លូវឡើង-ចុះទៅរមណីយដ្ឋានបូកគោទេ..​

ខេត្តកំពត៖ ភ្ញៀវទេសចរជាតិ ដែលបានធ្វើដំណើរចូលទៅកម្សាន្តនៅរមណីយដ្ឋានភ្នំបូកគោ ខេត្តកំពត បានថ្លែងរិះគន់ចំពោះក្រុមហ៊ុនសុខា ដែលបានបញ្ជាឲ្យកម្លាំងសន្តិសុខក្រុមហ៊ុនខ្លួន មកហាមពលរដ្ឋ ឬភ្ញៀវទេសចរ មិនឲ្យឈប់​ទទួលអាហារ នៅតាមទីតាំងអមសងខាងផ្លូវ ឬនៅក្រោមម្លប់ដើមឈើ ដែលដុះនៅអមសងខាងផ្លូវឡើង-ចុះ ទៅកំពូលភ្នំបូកគោ នៅក្នុងអំឡុងពេលពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ​ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះទេ។

ភ្ញៀវទេសចរជាតិ ដែលបាននាំយកបាយទឹក នំចំណី និងអាហារហូបចុកផ្សេងៗ​ដាក់តាមខ្លួន សម្រាប់បម្រុងទុកទទួលទានជុំគ្នា ​ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្ត នៅ​រមណីយដ្ឋានបូកគោ នៅក្នុងអំឡុងពេលឈប់សម្រាក់ក្នុងពិធីបុណ្យអុំទូក ​មានចម្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុនសុខា បញ្ជាឲ្យកងសន្តិសុខ របស់​​ខ្លួន មកហាមពលរដ្ឋ ខ្មែរ មិនឲ្យឈប់ហូបបាយ ឬអាហារ នៅតាមចង្កេះភ្នំ ឬក្រោមដើមឈើ ​អមសងខាងផ្លូវឡើងទៅកាន់កំពូលភ្នំ​បូក​គោដូច្នេះ ឬមួយក៏រមណីយដ្ឋានបូកគោ បានក្លាយជាកម្មសិទ្ធិផ្តាច់មុខ របស់ក្រុមហ៊ុនសុខា អស់ទៅហើយ..?។

ផ្តើមពីបញ្ហានេះ ​ភ្ញៀវទេសចរជាតិជាច្រើនគ្រួសារ បានស្នើដល់តំណាងក្រុមហ៊ុនសុខា ជួយភ្លឺលើករណីបញ្ជាឲ្យកម្លាំងសន្តិសុខ របស់ខ្លួន មកហាមពលរដ្ឋ មិនឲ្យឈប់ទទួលទានអាហារ ដែលបានវេចខ្ចប់ពីផ្ទះ នៅតាមអមសងខាងផ្លូវឡើង-ចុះ រមណីយដ្ឋានបូកគោបែបនេះ? ឬមួយក៏ បច្ចុប្បន្នេះ រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុននេះទិញយកធ្វើកម្មសិទ្ធិផ្តាច់មុខទាំងស្រុងអស់ទៅហើយ?។

បន្ថែមលើនេះ ​ភ្ញៀវទេសចរជាតិ ក៏បានស្នើដល់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលទើបមកកាន់តំណែងថ្មី ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមជួយពិនិត្យទៅលើសកម្មភាព របស់ក្រុមហ៊ុនសុខា ដែលបានបញ្ជាកម្លាំងសន្តិសុខ មកហាមពលរដ្ឋមិនឲ្យឈប់ហូបអាហារបាយទឹក ​​នៅអម​ផ្លូវ​ឡើង-ចុះ រមណីយដ្ឋានបូកគោឲ្យបានឆាប់ផង។ ត្បិតកាលពីអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក​ ក្រុមហ៊ុនសុខា បានបញ្ជាកម្លាំងសន្តិសុខរបស់ខ្លួន មកហាមពលរដ្ឋខ្មែរ មិនឲ្យឈប់ទទួលទានបាយទឹក ឬនំចំណី ដែលបានវេចខ្ចប់ពីផ្ទះ ក្នុងដំណើរកម្សាន្តទៅទស្សនារមណីយដ្ឋានបូកគោ​ទេ។ ហើយសន្តិសុខក្រុមហ៊ុននេះ បានព្រមានថា បើភ្ញៀវទេសចរ ឬប្រជាពលរដ្ឋទាំងឡាយណា ​ហ៊ានឈប់ទទួលទានបាយនៅតាមផ្លូវឡើង-ចេញ រមណីយដ្ឋានបូកគោ នឹងត្រូវ​ផាកពិន័យ​ចំនួន ២០ដុល្លារសហរដ្ឋអាមេរិកថែមទៀតផង។

​​ភ្ញៀវទេសចរបញ្ជាក់ថា ​អាហារ​បាយទឹក ដែលពួកគាត់ បាននាំយកពីផ្ទះ​ទុកសម្រាប់ទទួលទានជាលក្ខណៈក្រុមគ្រួសារ ក្នុងអំឡុងពេលធ្វើដំណើរនោះ គឺពួគាត់ ក៏បានត្រៀមថង់ផ្លាស្ទិច ទុកសម្រាប់វេចខ្ចប់កាកសំណល់ ដែលសល់ពីអាហារហូបចុកទាំងនោះ​យ៉ាងត្រឹមត្រូវបំផុត មិនគួរណា ត្រូវកងសន្តិសុខក្រុមហ៊ុនសុខា មកហាមមិនឲ្យពួកគាត់ឈប់ទទួលទានបាយទឹក ដែលនាំយកពីផ្ទះ សម្រាប់ដំណើរកម្សាន្តនៅតាមផ្លូវឡើង-ចុះ នៅតាមផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានបូកគោនោះទេ..។ ​

​ទាក់ទិនបញ្ហានេះ កម្លាំងកងសន្តិសុខក្រុមហ៊ុនសុខា ដែលបានចុះទៅហាមពលរដ្ឋខ្មែរ មិនឲ្យឈប់ទទួលទានអាហារនៅតាមផ្លូវឡើង-ចុះ រមណីយដ្ឋានបូកគោ បានឲ្យដឹងថា ការហាមឃាត់មិនឲ្យពលរដ្ឋឈប់ហូបបាយ នៅតាមផ្លូវចេញ-ចូលរមណីយដ្ឋានបូគោ គឺជាបញ្ជា​របស់ក្រុមហ៊ុន ព្រោះកន្លងមក មានប្រជាពលរដ្ឋ ដែលឡើងទៅកម្សាន្តនៅទីតាំងខាងលើនេះ ក្រោយពេលហូបអាហារទាំងនោះរួច ក៏បានបោះចោល​កាក​សំណល់ពាសវាលពាសកាល ដោយមិនបានវេចខ្ចប់ យកទៅទុកដាក់ឲ្យបានត្រឹមត្រូវទេ ជាហេតុនាំឲ្យប៉ះពាល់ដល់បរិស្ថានតំបន់ទេសចរណ៍នេះធ្ងន់ធ្ងរ។

ចំណែក មន្ត្រី​នគរបាលខេត្តកំពត ស្នើមិនបង្ហាញឈ្មោះ ​បានទទួលស្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ ពិតជាមានករណីកងសន្តិសុខក្រុមហ៊ុនសុខា បានហាមពលរដ្ឋ មិនឲ្យឈប់ទទួលទានអាហារ​ នៅតាមផ្លូវឡើង-ចុះ រមណីយដ្ឋានបូកគោពិតប្រាកដមែន ដោយក្រុមហ៊ុននេះសំអាងថា ពលរដ្ឋដែលឈប់ទទួលទានអាហារនៅតាមផ្លូវចេញ-ចូល រមណីយដ្ឋានបូកគោ គឺតែងបោះចោលសំរាម ដែលសល់ពីសំណល់អាហារ​គ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់ដល់អនាម័យ និងសោភ័ណភាព​រមណីយដ្ឋានបូកគោធ្ងន់ធ្ងរ។

ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង អ្នកនាំពាក្យសាលាខេត្តកំពត ដើម្បីបំភ្លឺលើករណី​ ភ្ញៀវទេសចរជាតិ បានចោទកម្លាំងសន្តិសុខ របស់​ក្រុមហ៊ុនសុខា ថាបានហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យឈប់ទទួលទានអាហារនៅតាមផ្លូវឡើង-ចុះ ទៅកាន់រមណីយដ្ឋានបូកគោ​​បានទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២១នេះ។ ខណៈតំណាងក្រុមហ៊ុន​សុខា ក៏មិនទាន់អាចទាក់ទងបាននៅឡើយដែរ៕

អត្ថបទដែលជាប់ទាក់ទង