ពលរដ្ឋ សំណូមពរ​ សម្តេច ហ៊ុន សែន ជួយ​បញ្ឈប់ការ​ចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនបុគ្គលឯកជន លើបរិវេណដីព្រៃកោងកាង ​នៅខេត្តព្រះសីហនុ ​

ខេត្តព្រះសីហនុ៖ ក្រុមអ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ​បានអះអាងថា ទីតាំងបរិវេណដីព្រៃលិចទឹក ឬព្រៃកោងកាង ដែលជាជម្រកត្រីបន្តពូជ មានទីតាំងនៅក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ជាដើម គឺបានក្លាយជាកម្មសិទ្ធបុគ្គលស្ទើរទាំងស្រុងអស់ទៅហើយ ដោយបុគ្គលមានទ្រព្យ ឬមន្ត្រីមានអំណាចមួយចំនួន អាចធ្វើប្លង់ ឬប័ណ្ណកម្មសិទ្ធ គ្របដណ្តប់នៅលើបរិវេណដីព្រៃកោងកាង ឬដីព្រៃលិចទឹកទាំងនោះ ពីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានដោយរលូន..។

ពួកគេមានការព្រួយបារម្ភ ខ្លាចធនធានធម្មជាតិ  ឬព្រៃកោងកាង ត្រូវបានបំផ្លាញក្នុងពេលដ៏ឆាប់ខាងមុខ ព្រោះការចេញប័ណ្ណកម្មសិទ្ធនៅលើបរិវេណដីព្រៃលិចទឹក ឬព្រៃកោងកាង នៅមូលដ្ឋានខេត្តព្រះសីហនុ ត្រូវបានថ្នាក់ដឹកនាំមន្ទីរសុរិយដីខេត្តព្រះសីហនុ តែង​ចេញប័ណ្ណកម្មសិទ្ធទាំងនោះ ជូនបុគ្គលឯកជនជាបន្តបន្ទាប់ គ្រប់ដណ្តប់នៅលើបរិវេណដីព្រៃកោងកាង ឬព្រៃលិចទឹកទាំងនោះ​ក្រោមហេតុផល ដើម្បីធ្វើការអភិវឌ្ឍវិស័យផ្សេងៗ..។

ជាក់ស្តែងកន្លងមកនេះ ​បរិវេណដីព្រៃកោងកាង រាប់សិបហិកតា នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ត្រូវបានប្រធានមន្ទីរសុរិយោដីព្រះសីហនុ បានចេញប័ណ្ណកម្មសិទ្ធិ ជូនបុគ្គលឯកជនជាបន្តបន្ទាប់ គ្រប់ដណ្តប់នៅលើបរិវេណដីព្រៃកោងកាង ​​ជាជម្រកត្រីបន្តពូជ ដោយ​​អនុវត្ត​ផ្ទុយ​បទបញ្ជា ​របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ដែល​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវា​ទដូចជា​៖ ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត​ជាប់​សមុទ្រ​ទាំង​ ០៤​៖ ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត និងខេត្តកែប ឲ្យ​ថែរក្សា​ការពារ​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ឲ្យ​បាន​គង់វង្ស​​..។

ការ​ព្រួយ​បារម្ភ​របស់ក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋខេត្តព្រះសីហនុជាថ្មីម្តងទៀតនេះ គឺកើតឡើងក្រោយពេលពួកគេ​សង្កេត​ឃើញថា កាលពីថ្ងទី០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឲ្យ លោក មាស សូលឡុង អាចចូលមកសម្អាតទីតាំងសាងសង់ផ្ទះប្រចៀកកាំ ដើម្បីអភិវឌ្ឍជាសួនអភិរក្សប្រចៀកកាំទេសចរណ៍ លើដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០៧ប័ណ្ណ មានទីតាំងនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយពួកគេ អះអាងថា ប័ណ្ណកម្មសិទ្ធិទាំង ០៧ប័ណ្ណនេះ បានគ្រប់ដណ្តប់នៅលើដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ ដែល​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជនៅមូលដ្ឋាននេះធ្ងន់ធ្ងរ។

ជាពិសេសស្របពេល ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប និងខេត្តផ្សេងទៀត ត្រូវ​ទប់ស្កាត់ និង​បង្រ្កាបជាបន្ទាន់ ចំពោះសកម្មភាពលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង ផ្តើមដោយមន្ត្រីជាថ្នាក់ដឹកនាំខេត្ត-ស្រុក នៅតាមបណ្តាខេត្តមួយចំនួន..​។

ត្រង់ចំណុចនេះ អ្នកឃ្លាំមើលសង្គម និងពលរដ្ឋខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយបញ្ជូនមន្ត្ត្រីស្អាតស្អំ ឲ្យចុះស៊ើបអង្កេតទៅលើសកម្មភាពចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៅលើបរិវេណដីព្រៃកោងកាង នៅឃុំទឹកថ្លា ស្រុកព្រៃនប់ និងនៅតាមមូលដ្ឋានមួយចំនួនទៀត នៃស្រុកស្ទឹងហាវ ឲ្យបានឆាប់ ដើម្បីសង្គ្រោះ ឬការពារធនធានធម្មជាតិ ព្រៃកោងកាង ដែលនៅសេសសល់ក្នុងខេត្តព្រះសីហនុ ឲ្យបានគង់វង្សនាថ្ងៃអនាគត។

ជាងនេះទៀត ប្រសិនបើរកឃើញមន្ត្រីរូបណា បានប្រើតួនាទីមានកំហុសឆ្គង ត្រូវតែផ្តន្ទាទោស ឬដកចេញពីតំណែង ដើម្បីជាការព្រមានដល់មន្ត្រីដទៃទៀត..។

ទាក់ទិនបញ្ហានេះ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ​ជាបន្តបន្ទាប់មកនេះ ថ្លាប់បានសំណូមពរ​ដល់ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យជួយថែ​រក្សា​ដី​ព្រៃ​លិច​ទឹក ​ដែលនៅសេសសល់ក្នុងស្រុក​ព្រៃនប់ ឲ្យ​បាន​គង់វង្ស  និងឲ្យមានប្រសិទ្ធភាព។ ត្បិត​រាល់​ថ្ងៃ​នេះ មន្ត្រីមានអំណាច និងបុគ្គលមាន​ទ្រព្យ បានបន្ត​មាន​មហិច្ឆតា​ទន្ទ្រាន​កាន់​កាប់​បរិវេណ​ដី​ព្រៃ​កោងកាង​ មានទំហំរាប់រយ​ហិកតារ​ នៅមូលដ្ឋាននេះ ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន មានវិសាលភាពកាន់តែធំឡើងៗ។

បន្ថែមលើនេះ អ្នកស្រី សុធារី ក៏​ស្នើ​ដល់ លោក ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ , លោក វេង សាខុន ដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​និងលោក សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជាដើម ត្រូវជួយ​ទប់ស្កាត់​សកម្មភាព​ឃុបឃិតតាមគ្រប់រូបភាព ដែលឈានទៅបំផ្លាញដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ នៅស្រុកព្រៃនប់ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​សង្គ្រោះ​​ជម្រក​ត្រី​សមុទ្រ​ពង​កូន​នា​មូលដ្ឋាន​នេះ​ ឲ្យ​បាន​គង់វង្សនាថ្ងៃអនាគត។

អ្នកឃ្លាំមើលសង្គមរូបនេះ បញ្ជាក់បន្ថែមថា រាល់​ថ្ងៃ​នេះ ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន ​មាន​មហិច្ឆតា​រំលោភ​ដី​បរិវេណ​ព្រៃ​លិច​ទឹក​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ យក​ធ្វើ​កម្មសិទ្ធិ​ឯកជន បាន​បន្ត​កើត​មាន​ជា​បន្តបន្ទាប់។ ទោះបីពួក​គេ​ដឹង​ថា ដី​ព្រៃ​លិច​ទឹក​ទាំងនោះ​ជា​ដី​សាធារណៈ ​របស់​រដ្ឋ​បែប​ណា​ក្តី ក៏ប៉ុន្តែ​មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ ​កំពុង​បម្រើ​ការងារ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ជួយ​សម្រួល​ឈាន​ដល់​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប្លង់​ប្រព័ន្ធ ជូន​បុគ្គល និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួនបានដោយរលូន។

មន្ត្រី​សមាគម​អាដហុក អ្នកស្រី សុធារី ចាត់​ទុក​សកម្មភាព​របស់​ឈ្មួញ និង​បុគ្គល​មាន​ទ្រព្យ អាច​បន្ត​ធ្វើ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ ​នា​មូលដ្ឋាន​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ​ថា​បាន​អនុវត្ត​ផ្ទុយ ឬ​ផ្គើន​ទៅ​នឹង​បទបញ្ជា ​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​មាន​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ រួមមាន៖ ​ខេត្ត​ព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និងខេត្តកែប ឲ្យ​ថែរក្សា​ការពារ​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ឲ្យ​បាន​គង់វង្ស​​។

​ដោយឡែក ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​ព្រៃនប់ ក៏បានព្រួយ​បារម្ភ​ដែរ​ថា បើ​ព្រៃ​កោងកាង​ត្រូវ​បំផ្លាញ​អស់​នៅ​ថ្ងៃ​អនាគត តំបន់​នេះ​នឹង​ត្រូវ​រង​នូវ​ខ្យល់​ព្យុះ​បោក​បក់​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក និង​ការ​ធ្វើ​របរ​នេសាទ​របស់​ពួក​គេ ដែល​រស់​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​របរ​ជា​អ្នក​នេសាទ​សមុទ្រ​តំណ​តាំង​ពី​ដូនតា​រៀង​មក។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ ក៏​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​សង្គ្រោះ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នេះ​ឲ្យ​បាន​គង់វង្ស ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត​ពឹង​ផ្អែក​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិត​បន្ត​ទៀត។

សម្តេចតេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រីកម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ តាម​រយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ណែនាំ​ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ចំនួន ០២​ចំណុច គឺ​និរាករណ៍ ឬ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង ០​៤ រួមមាន៖ ​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង..។

ទោះ​ជា​បែប​នេះ​ក្តី រាល់​ថ្ងៃ​នេះ​ គេ​សង្កេត​ឃើញ​ថា បរិវេណ​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​ ដុះ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​កោះកុង ជាពិសេសខេត្ត​ព្រះសីហនុ ដែលមាន​ព្រៃលិចទឹក ឬព្រៃ​កោងកាង​ ដុះដូចម្រាមដៃ ​នៅ​ឃុំ​ទឹកថ្លា ស្រុកព្រៃនប់ជាដើម​នេះ ត្រូវ​ឈ្មួញ និង​បុគ្គល​មាន​ទ្រព្យ​ ត្រូវបានប្រធានមន្ទីរសុរិយោដី ​បានបន្តផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនបុគ្គលឯកជន ដោយ​មិន​ខ្វល់​នឹង​បទបញ្ជា ​របស់ សម្តេចតេជោ ហ៊ុន ​សែន ដែល​ដាក់ឲ្យ អភិបាល​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​នីមួយៗ ត្រូវ​ថែ​រក្សា​បរិវេណ​ដី​ព្រៃ​កោងកាង ​​ឲ្យបានគង់វង្សនោះ គឺ​អនុវត្តមិនទាន់មានប្រសិទ្ធភាពទេ៕ ដោយ: ដែន សីមា

អត្ថបទដែលជាប់ទាក់ទង