សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង

រាជធានីភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញបទបញ្ជាក្តៅ ទៅកាន់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ព្រមទាំងខេត្តមួយចំនួនទៀត ត្រូ​ទប់ស្កាត់ និង​បង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់..។

សម្តេចតេជោ មានប្រសាសន៍ដូច្នេះថា៖ «អនាធិបតេយ្យបែបនេះ មិនអាចទទួលយកបានទេ ក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬមន្រ្តីដទៃទៀត ដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រាន យកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចទទួលយកបានទេ នូវការកាប់រានទន្ទ្រានដីព្រៃលិចទឹក នៃតំបន់ទន្លេសាប របស់យើង។ ដូច្នេះដើម្បីការពារបឹងទន្លេសាប របស់យើង ដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យ ទៅហើយនោះ ចាំបាច់មានវិធានការ»

នៅក្នុងសារសំឡេងដដែលនេះ សម្តេច ហ៊ុន សែន ក៏បានប្រគល់ភារកិច្ចឱ្យអភិបាលខេត្តទាំងអស់ជាប់បឹងទន្លេសាប ពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានទន្ទ្រានដីព្រៃលិចទឹក ហើយក៏ត្រូវគ្រប់គ្រង ​ដីដែលបាន​កាប់រួចហើយ ដោយអាជ្ញាធរខេត្តត្រូវប្រើប្រាស់ ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចបញ្ជាក់ថា «ខ្ញុំប្រើពាក្យថានេះជាជាការបង្រ្កាប យើងគ្មានពេលនឹងធ្វើការអប់រំបន្ថែមទេ»

ក្រៅពីបញ្ជាទៅកាន់ថ្នាក់ខេត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកាន់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងជាប្រធានសូរិយោដីថ្នាក់ជាតិ ឱ្យដឹកនាំការប្រជុំជាបន្ទាន់ជាមួយក្រសួងពាក់ព័ន្ធ ក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធនានា រួមទាំងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយនិងនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីបែងចែកភារកិច្ចគ្នាដើម្បីធ្វើការចុះត្រួតពិនិត្យរួម ដើរពីក្រោយនៃការងាររបស់ខេត្ត។

សម្តេច​​នាយករដ្ឋមន្រ្តី ឲ្យដឹងដូច្នេះ រួចក៏បានចេញបញ្ជាថែមទៀត ឱ្យដកយកមកវិញឱ្យអស់នូវដីទាំងឡាយនៅជាប់បឹងទន្លេសាប ដែលបានកាប់ទន្ទ្រានរួចហើយ ដូចជានៅខេត្តកំពង់ឆ្នាំង ដោយសម្តេច បញ្ជាក់ថា «បើសិនរបាយការណ៍(រាជបណ្ឌិត្យសភា) នេះខុស ក៏ខ្ញុំសូមអធ្យាស្រ័យ ឮថា អតីតអភិបាលខេត្ត ដែលទើបចាក់ចេញមុននេះ បានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះ ដូច្នេះខ្ញុំមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកមកវិញឱ្យអស់ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ»

​សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «​ផ្ទៃដីបឹងទន្លេសាបត្រូវបានកំណត់រួចជាស្រេចហើយ ទាំងតំបន់មួយ តំបន់ពីរ និងតំបន់បី ដូច្នេះការកាប់ទន្ទ្រានដែលរំលោភតំបន់ទាំងនេះត្រូវដកហូតត្រឡប់មកវិញមិនថាជារបស់មន្ត្រីឬប្រជាពលរដ្ឋ»។

សម្តេចតេជោ បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រើប្រាស់កម្លាំងថ្មើរជើង ទាំងជើងទឹក និងឧទ្ធម្ភាគចក្រ ត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែងទឹកស្រក អាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាបដែលមានការទន្ទ្រាននោះ។ ហើយសម្តេច ប្រមុខដឹកនាំ ក៏បានស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំង ដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានទៅ មន្រ្តីខិលខូច ដែលពាក់ព័ន្ធនឹងការកាប់ទន្ទាននៅបឹងទន្លេសាប ហើយចង់បានការរបន្ធូរបន្ថយទោស ត្រូវចូលសារភាពទោសកំហុសជាបន្ទាន់ ក្នុងករណីដែលមិនចេញសារភាពជាបន្ទាន់ទេ សម្តេចបញ្ជាឱ្យក្រុម ដែលចេញទៅអនុវត្តធ្វើការចាប់ខ្លួន​ទៅផ្តន្ទាទោសតាមច្បាប់ និងឈានទៅរឹបអូស មិនត្រឹមតែដីធ្លីនៅហ្នឹងកន្លែងទេ គឺត្រូវរឹបអូសទ្រព្យសម្បត្តិ ដែលពួកគេទទួលបានពីបទល្មើសនេះនឹងត្រូវរឹបអូសទាំងអស់។

សម្តេចតេជោ បន្តថា «អ្នកទាំងនេះ មិនសមធ្វើជាមន្រ្តីទៀតទេពួកគេដេកគុកប្រសើរជាធ្វើជាមន្រ្តី ហើយសូមកុំនិយាយថា ធ្វើការជូនបក្សជូនរដ្ឋយូហើយ បែរជារដ្ឋ និងគណបក្សមិនយោគយល់ យើងគ្មានការយោគយល់ណា សម្រាប់អំពើទុច្ចរិតបែបនេះ សម្រាប់មន្រ្តីរបស់យើងនោះទេ»។

ជាងនេះទៀត សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលបានខកខ្លួនឃើញអ្នកធំទៅធ្វើហើយប្រជាជនទៅធ្វើតាមក្រោយ សូមប្រញាប់ប្រញាលចាកចេញជាបន្ទាន់ ឱ្យផុតពីទីនោះ បើមិនដូច្នោះ នឹងមានការចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង