រូបថតលេីអាកាសខ្លះៗនៃឆ្នេរទី៤ កោះកុងក្រៅ ក្នុងខេត្តកោះកុង
ខេត្តកោះកុង៖ ក្រសួងទេសចរណ៍ បានបង្ហោះអត្ថបទ និងរូបថតខ្លះៗ ដែលថតពីលើអាកាស នៃទិដ្ឋភាព ឆ្នេរសមុទ្រ “កោះកុងក្រៅ” ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅកម្សាន្ត..។
ឆ្នេរកោះកុងក្រៅ មាន ០៦ឆ្នេរ ហើយឆ្នេរនីមួយៗមានខ្សាច់សស្អាត ទឹកសមុទ្រថ្លាអាចមេីលឃេីញដល់បាតសមុទ្រ និងមានព្រែកខាងក្រោយឆ្នេរ ដែលអាចឲ្យអ្នកទេសចរ អាចគយគន់ទេសភាពយ៉ាងស្រស់ស្អាត។
ក្រសួងទេសចរណ៍ បញ្ជាក់ថា សម្រាប់ឆ្នេរ ដែលភ្ញៀវទេសចរ និយមធ្វើដំណើរទៅលេងកម្សាន្ត និងមានទឹកប្រេីប្រាស់គ្រប់គ្រាន់ គឺឆ្នេរទី៣ និងទី៤ គឺនៅទីនោះភ្ញៀវទេសចរ អាចអង្គុយលេងស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយមេីលទិដ្ឋភាពថ្ងៃរៀបលិចជាដើម..។
ចំពោះការធ្វេីដំណេីរ ទៅកាន់ឆ្នេរទាំងនោះ គឺភ្ញៀវទេសចរ ត្រូវធ្វេីដំណេីរ ដោយយាន្ត ឬម៉ូតូទៅកាន់ខេត្តកោះកុង (បេីមកពីភ្នំពេញ ហួសផ្លូវបត់តារាសាគរប្រមាណ ២០គីឡូ នៅខាងឆ្វេង នឹងឃេីញផ្លូវដីក្រហមមួយ។ បន្ទាប់មកបត់តាមផ្លូវក្រហមនោះ រួចជិះប្រកាន់ផ្លូវបត់ឆ្វេង ប្រមាណជា ១០គីឡូម៉ែត្រ នឹងទៅដល់ភូមិនេសាទមួយ ដែលអាចឡេីងទូកនៅទីនោះ) ហើយបន្ទាប់មក គឺធ្វេីដំណេីរដោយទូកប្រមាណ ០១ម៉ោងកន្លះ ទៅ ០២ម៉ោង ពីផែទូក ដេីម្បីបានទៅដល់ឆ្នេរកោះកុងក្រៅ។
ចំពោះ ការស្នាក់នៅ គឺ
ដោយសារទីនោះជាទីតាំងធម្មជាតិ មិនទាន់មានការអភិវឌ្ឍន៍ ភ្ញៀវទេសចរ អាចស្នាក់នៅដោយការបោះជំរុំតង់លេីឆ្នេរខ្សាច់ ដោយខ្លួនឯង។
ដោយឡែក ចំពោះការរៀបចំម្ហូបអាហារ ភ្ញៀវទេសចរ អាចត្រៀម អង្ករ និងម្ហូបផ្សេងៗ ដូចជាត្រី សាច់ ឬគឿងសមុទ្រ និងគ្រឿងទេសសម្រាប់ធ្វេីម្ហូបទទួលទាន នៅទីនោះ (ម្ចាស់ទូកអាចជួយដាំបាយ និងធ្វេីម្ហូបបាន)។
យ៉ាងណាក៏ដោយចុះ ក្រសួងទេសចរណ៍ សំណូមពរថា ភ្ញៀវទេសចរទាំងអស់ សូមចូលរួមរក្សាវេចខ្ចប់សំរាម ឬកាកសំណល់ផ្សេងៗ ឲ្យមានសណ្តាប់ធ្នាប់ ដេីម្បីរក្សាសោភណ្ឌភាពឆ្នេរស្អាតសម្រាប់ជាការទាក់ទាញភ្ញៀវទេសចរ ចូលទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ឲ្យបានច្រើនថែមទៀត នាថ្ងៃអនាគត។
ជាងនេះទៀត ក៏ស្នើសូមកុំប្រេីប្រាស់ឧបករណ៍បំពងសម្លេងខ្លាំងៗ នាំឲ្យរំខានដល់អារម្មណ៍ភ្ញៀវទេសចរផ្សេងទៀត។
ខាងក្រោមនេះ គឺទីតាំងផែ និងលេខសម្រាប់កក់ទូក៖
https://maps.app.goo.gl/eeTms8r1osA5ad4v6
096 559 2295 (ប៊ុន ថេត)៕
រូបថត និងអត្ថបទដោយ: រស់ សន្ធិ (ROS Santhy)