លោក មាច សុវណ្ណារ៉ា៖ ចម្ងល់ខ្ញុំ រឿងធ្វើនយោបាយ គ្មានគោលដៅច្បាស់លាស់..

រាជធានីភ្នំពេញ៖ លោក មាច សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបង្ហោះសារនយោបាយ នៅលើគណនីហ្វេសប៊ុក របស់លោក គួរឲ្យចាប់អារម្មណ៍មួយ មានចំណងជើងថា៖ “ចម្ងល់ខ្ញុំរឿងធ្វើនយោបាយ គ្មានគោលដៅច្បាស់លាស់”..។

@. បក្សភ្លើងទៀន អុជឆេះវិញ តើជាកំហុស ឬជាការត្រឹមត្រូវ..?

៚. គ្រួសារមួយបង្កើតឡើងដោយមនុស្សប្រុសស្រីពីរក្រុម និងបានព្រមព្រៀងគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយកសាងបានទ្រនុំមួយយ៉ាងធំ នៅឆ្នាំ២០១២។ ហើយការរួមរស់នៅជាមួយគ្នាអស់មួយរយៈពេលមិនយូរប៉ុន្មាន គ្រួសារនោះ ក៏បង្កើតបាននូវបុត្រាបុត្រី៥៥រូប នៅឆ្នាំ២០១៣ បន្ទាប់មកទៀតក៏មានចៅប្រុសចៅស្រីពេញភូមិឃុំ រហូត ដល់៥០០៧រូបទៀត នៅឆ្នាំ២០១៧។

៚. គ្រួសារធំមួយនេះ មិនប្រាកដថា មានសេចក្ដីសុខ
និងសុភមង្គលគ្រប់បែបយ៉ាងនោះទេ។ រូបភាពដែលមិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែង អាចបោកប្រាស់ជនអវិជ្ជាបាន តែមិនអាចបោកប្រាស់ពលរដ្ឋម្ចាស់ឆ្នោតបាននោះទេ?។ កាលពីម្សិលមិញ (សមាជ,២៧/១១/២១) បក្សភ្លើងទៀន បានអុជឲ្យឆេះវិញហើយ ប៉ុន្តែមិនទាន់ដឹងថា មានរបាំងទប់ខ្យល់បក់កុំឲ្យរលត់បានដែរ ឬអត់នៅឡើយផងទេដែរ?។

៚. សំណេរខ្ញុំថ្ងៃនេះ នឹងលើកយករឿងខ្លះមកចែករំលែក ដើម្បីមហាជនគិតពិចារណាតែប៉ុណ្ណោះ ហើយការវិនិច្ឆ័យ យ៉ាងណានោះ គឺជារឿងរបស់មិត្តអ្នកអានទេ៖

១/ ប្ដីចុះចោលគ្រួសារហើយ ហៅកូនៗ និងចៅៗឲ្យទៅនៅផ្ទះជួលនៅបរទេស ទុកឲ្យប្រពន្ធ និងកូនៗ ព្រមទាំងចៅៗមួយចំនួនរងគ្រោះ រហូតដល់មានអ្នកខ្លះត្រូវគេធ្វើបាប ចាប់ដាក់គុក និងរត់ចោលស្រុក ហើយរហូត ដល់មានអ្នកខ្លះត្រូវបាត់បងជីវិតទៅទៀត។ ត្រង់ចំណុចនេះ វាជាកំហុស របស់ប្ដី ឬជាកំហុសរបស់ប្រពន្ធ..? ។

២/ ប្រពន្ធជាប់គុក ប្ដីនៅខាងក្រៅ លែងលះមិនទាន់ដាច់) ហើយកូនៗ និងចៅៗ ដែលបានរត់ទៅតាមឪពុក និងតា
បានចោទប្រពន្ធរបស់តា ដែលជាម្ដាយ និងយាយរបស់ខ្លួន ថាមិនធ្វើអីសោះ ។ សំណួរសួរថាតើមនុស្សជាប់ក្នុងគុក អាចមានសិទ្ធិធ្វើអ្វីបានខ្លះ..?។

៣/ កូនៗ និងចៅៗ ដែលរៀបការរួចខ្លះ បានសុំបែកផ្ទះ ហើយឪពុក និងម្ដាយ ដោយម្នាក់នៅក្នុងការឃុំឃាំងនិងបិទ សិទ្ធិសេរីភាព ឯម្នាក់ទៀតនៅក្រៅស្រុក មានសិទ្ធិសេរីភាពដើរហើរ ចុះហេតុម្ដេចមិនយល់ពីកាតព្វកិច្ចជាមេគ្រួសារ?។

សំណួរសួរថា តើគ្រួសារមួយដែលមានសុភមង្គល អាចថ្កុំថ្កើងបានដោយឪពុក និងម្ដាយចែកចាន ចែកឆ្នាំគ្នាមែនទេ..? ។

៤/ ការលែងលះគ្នារវាងឪពុក និងម្ដាយ ឬតា និងយាយ វាមិនមែនជាគុណតម្លៃ របស់វង្សត្រកូលអ្នកប្រជាធិបតេយ្យទេ?។ ហើយការរត់ចោលគ្រួសារ ដោយចាកចេញត្រឡប់ទៅនៅផ្ទះចាស់វិញ គឺជារឿងល្អមួយឬយ៉ាងណា? ប៉ុន្តែវាក៏បង្ហាញពីការមិនទទួលខុសត្រូវរបស់មេគ្រួសារធំមួយដែរ?។

សំណួរសួរថា តើការបោះបង់ចោលផ្ទះខ្លួនឯង ទៅយកសុខតែឯង ជាគុណធម៌ របស់មេគ្រួសារ ស័ក្តិសម ដែរឬទេ?។

៥/ តើការចែកចានឆ្នាំងបាយសម្លរគ្នា អាចសម្រេចធ្វើឲ្យក្រពះ និងពោះវៀន ឈប់ឃ្លាន ឬក៏ឆ្អែតបានដែរឬទេ?។ តើអនាគតគ្រួសារអ្នកប្រជាធិបតេយ្យ អាចបន្តទៅមុខបានឬទេ បើមេដឹកនាំធំរបស់គ្រួសារប្រជាធិបតេយ្យមានចរិតអគុណធម៌ ក្បត់ចំណងអាពាហ៍ពិពាហ៍ យ៉ាងដូចនេះ?។

៚ ប្រាំចំណុចខាងលើ វាជាទឡ្ហីករណ៍ ដែលឆ្លុះបញ្ចាំងពី
តថភាពមេដឹកនាំនយោបាយ បាន គ្មានមេដឹកនាំនយោបាយណាម្នាក់គ្មានកំហុសនោះទេ។ តែបើមេដឹកនាំបង្កើតកំហុសដដែលៗអញ្ចឹង អ្នកនោះមិនគួរតម្កើងខ្លួនធ្វើជាគំរូអាក្រក់ដល់កូនៗ និងចៅៗរបស់ខ្លួននោះទេ?។

៚ តើ លោក ហ៊ុន សែន និង លោក សម រង្ស៊ី ជាមនុស្សតែមួយ ឬក៏សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ នឹងត្រូវបានបញ្ចប់ត្រឹមម៉ោងបក្សភ្លើងទៀនដើរចេញ ។
ដោយសំណួរនេះ ពិបាករកចម្លើយ ព្រោះអ្នកឆ្លើយសំណួរ នេះ ភាគច្រើនអវិជ្ជា ស្ដាប់តែបញ្ជា ដោយខ្វះការត្រិះរិះ
ពិចារណា?។

៚ សរុបសេចក្ដីមក ការចែកចានចែកឆ្នាំង របស់មេគ្រួសារអ្នកប្រជាធិបតេយ្យ គឺជាការបង្ហាញពីមហិច្ឆតាលោភលន់ ដែលខ្វះការទទួលខុសត្រូវ និងមធ្យោបាយដឹកនាំរបស់មេដឹកនាំនយោបាយ។ បើប្ដីចង់បែកហើយ គេមិនខ្វះពីហេតុផលរកវិធីបែកនោះទេ ប្ដីរៀបចំគម្រោងបែក ដោយចង់បានទ្រព្យទាំងមូលពីប្រពន្ធ គឺជារឿងអាក្រក់បំផុតនៅក្នុងផ្នត់គំនិត របស់ទុច្ចរិតជននយោបាយ..?។

ខាងក្រោមនេះ គឺជាសារ របស់លោក កឹម សុខា អតីត
ប្រធានគណបក្សសង្រ្គោះជាតិ៖

ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១

“ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការ
អនុញ្ញតិ ឬគាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដេាយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗ នេះគឺការត្រឡប់ទៅគាំទ្រដោយចំហរឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ។

អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំ ដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំ សូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ”៕

អត្ថបទដែលជាប់ទាក់ទង