អភិបាលព្រះសីហនុ ជួបក្រុមម៉ូតូកង់បីជាង ៤០០នាក់..

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច រ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជាប្រមាណជាង ៤០០នាក់ នៅសាលាដុនបូស្កូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានការចូលរួមពីលោកលោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

នាឱកាសនោះ លោក គួច ចំរើន  បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនក្រុមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា។

លោកអភិបាលបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំរំដោះប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន មកដល់ពេលបច្ចុប្បន្ននេះ បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនរបស់យើងដែលមានការងារបង្កើនចំណូល កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ ជាក់ស្តែងនៅខេត្តព្រះសីហនុ សម្តេចតេជោ បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកបដោយសោភ័ណភាព និងបរិស្ថានល្អ ហើយការអភិវឌ្ឍទាំងនេះគឺជួយបង្កើតការងារជូនដល់យុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតមុខរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរ រត់ម៉ូតូឌុប និងម៉ូតូកង់បីផងដែរ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត សំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បី សូមជួយរាយការណ៍ ប្រសិនបើប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួច តាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលវេលា ដោយយើងចូលរួមទាំងអស់គ្នា ដើម្បីឱ្យខេត្តយើងគ្មានអំពើលួចឆក់។ ហើយករណីភ្ញៀវជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ដែលទង្វើនេះគឺបានស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះកាន់តែយូរអង្វែងផងដែរ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង