រដ្ឋបាលខេត្តកណ្តាល ចុះផ្អាកអាជីវកម្មជីករណ្តៅដី២កន្លែង នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល ៖ អភិបាលរងខេត្តកណ្តាល លោក ណុប ដារ៉ា បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ក្នុងការដ្ឋានចំនួន ០២កន្លែង ដែលគ្មានច្បាប់ ឬអាជ្ញាប័ណ្ណ ពីក្រសួងជំនាញពាក់ព័ន្ធ មានទីតាំងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោក ណុប ដារ៉ា បញ្ជាក់ថា ការដ្ឋានជីកខ្សាច់ ០២កន្លែងនោះ មិនទាន់មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទេដោយអាជ្ញាប័ណ្ណចាស់ បានហួសបានហួសសពុលភាព។

ជាមួយគ្នានោះ ក្រុមការងារ ក៏បានណែនាំដល់ អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិរាល់អាជីវកម្មរ៉ែទាំងឡាយណា ដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាព ដើម្បីណែនាំឱ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មី ឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឱ្យស្របតាមច្បាប់ និងត្រូវអនុវត្តតាមកិច្ចសន្យាឲ្យបានត្រឹមត្រូវ។

ក្នុងសកម្មភាព ចុះត្រួតពិនិត្យរណ្តៅដីទាំង ០២ខាងលើ គឺរណ្តៅដីទី១ គ្រប់គ្រងដោយ លោក ថុន ផាន់ណារ៉ូល មានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន ក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណៈចេ្ចកទេស ក្នុងការជីកដីទេ។

ចំណែករណ្តៅដីទី២ ជាកម្មសិទ្ធិ របស់លោក ឡាង លីហួ មានទីតាំងក្នុងភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើកំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន ០១រណ្តៅ ដែលមានទំហំ ២៥៩៣១,២ម៉ែត្រ មានជម្រៅ ៨,៣៤ម៉ែត្រ ដោយក្រុមការងារបានវាស់វែងជាក់ស្តែងរកឃើញថារណ្តៅនេះ គឺខុសតាមគោលការណ៍ របស់ក្រសួង បានណែនាំ ហើយអាជ្ញាប័ណ្ណហួសសុពលភាព។

លោក ណុប ដារ៉ា ឲ្យដឹងដូច្នេះ រួចបន្តថា ដើម្បីឲ្យក្រុមហ៊ុនទាំង២ខាងលើ អាចដំណើរការអាជីវកម្ម របស់ខ្លួនឡើងវិញ ទាល់តែម្ចាស់អាជីវកម្មទាំងនោះ សុំច្បាប់អនុញ្ញាត ចេញពីរដ្ឋបាលខេត្ត-ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ជាមុន ទើបអាចប្រកបអាជីវកម្មវិញបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរ នឹងបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង។

លោក ណុប ដារ៉ា ក៏បានជម្រុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងដើម្បី​ចូលរួមចំណែក​ ចំពោះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តែ​ការប្រកប​អាជីវកម្ម​នោះ​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស មិនត្រូវ​ធ្វើឱ្យប៉ះពាល់​ដ​ល់​សហគមន៍ ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ឡើយ។

ករណីនេះ លោកអភិបាលរងខេត្តណ្តាល បញ្ជាក់ថា ក្រុមការងារនឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជីកណ្តៅដី របស់ក្រុមហ៊ុនទាំងអស់ ជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ។

ចំណែក ប្រជាពលរដ្ឋ ដែលមានដីស្រែ នៅក្បែរការរដ្ឋានប្រកបអាជីវកម្មជីកដី ក៏បានសំណូមពរដល់ម្ចាស់អាជីវកម្ម ជីករណ្តីដីទាំងនោះ ត្រូវធ្វើរបងឲ្យបានត្រឹមត្រូវដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ជាពសេស មិនត្រូវជីកបំពាននាំឲ្យប៉ះពាល់ដល់ដីស្រែរបស់ពួកគាត់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង