រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីអភិសេកព្រះបដិមា ព្រះឧមា-មហេសូរ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីអភិសេកព្រះបដិមា ព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីនេះ បានរៀបចំឡើងនៅព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ប្រធានក្រុមប្រឹក្សាខេត្ត លោក សូ ជុងហួរ និងអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដោយមានការចូលរួមពីអភិបាលខេត្ត-ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា បដិមាព្រះឧមា-មហេសូរ ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥០ម៉ែត្រ និងមានកម្ពស់សរុប ១៥,១៥០ម៉ែត្រ ដែលជានិមិត្តរូប នៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្ម ក្នុងគ្រួសារ និងសង្គមជាតិ។ ហើយសមិទ្ធផលទាំងនេះផ្ដើមចេញពីការដឹកនាំដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទុកឱ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សា ការពារនូវសមិទ្ធផលទាំងអស់នេះឱ្យបានស្ថិតស្ថេរចិរកាលតរៀងទៅ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង