កូន​អកត្តញ្ញូ​ម្នាក់ យក​ដំបង​ឈើ​ជ្រុង​ វាយ​សំពងក្បាលម្តាយ ​រង​របួស​ធ្ងន់ ក្រោយវិលពីដើរលេងវិញ អត់មានបាយហូប

ខេត្ត​បាត់ដំបង​៖​  សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា កូន​អកត្តញ្ញូ​ម្នាក់​ ក្រោយបានវិលពី​ដើរ​លេង​ខាងក្រៅផ្ទះ ហើយមានសភាពហេវបាយខ្លាំង លុះបានមកដល់​ផ្ទះ​វិញ ប៉ុន្តែគ្មាន​បាយសម្ល​ហូប​ ក៏​ទាញ​ដំបង​ឈើ​ជ្រុង​ដេញ​វាយ​ម្តាយបង្កើត​ របស់ខ្លួន បណ្តាល​ឲ្យ​រង​របួសបែកក្បាលធ្ងន់ធ្ងរ។

​តាមរបាយការណ៍​ របស់សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​ខាងលើ​នេះ​ បាន​កើតឡើង​នៅម៉ោង ១៩ និង៣០នាទី ​ថ្ងៃ​ទី​០២​  ខែធ្នូ​  ឆ្នាំ​២០២១​ ស្ថិត​នៅ​​ក្រុម​ទី​០៣​  ភូមិ​បែក​ចាន​ថ្មី​ សង្កាត់​ព្រែក​ព្រះស្ដេច​ ក្រុង​-ខេត្តបាត់ដំបង​។

​ជនសង្ស័យ​ឈ្មោះ​ ដាង​  ចំរើន​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន​ខាងលើ​ បាន​យក​ដំបង​ឈើ​ជ្រុង ​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ម្តាយ​ឈ្មោះ​  ខាន់​ ស៊ី​ចាន់​  អាយុ​ ៦២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សង្កាត់​ខាងលើ​ បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល​។​

ក្រោយទទួល​បាន​ព័ត៌មាន​នេះ ភា្ល​ម​ សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​ ក៏បាន​ដឹកនាំ​កម្លាំង ​ក្នុង​អង្គភាព​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​​មក​សាកសួរ ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់​ដំ​ង​ ដោយ​ដកហូត​​ឈើ​ជ្រុង​ចំនួន​០១​កំណាត់ ទុក​ជា​វត្ថុ​តាង​។​

តាមចម្លើយ​សារភាព របស់ជនសង្ស័យ ​​បញ្ជាក់ថា ​មូលហេតុ​​ឈានដល់​ប្រើហិង្សា​ វាយ​ម្តាយបង្កើត​របស់​ខ្លួន​បែប​នេះ​ ដោយសារ​​ពេលរូបគេ វិល​ពី​ដើរ​លេង​ខាងក្រៅ​ផ្ទះ​វិញ​ ហើយ​ម្តាយ​មិន​បាន​ទុក​បាយ​ឱ្យ​បរិភោគ​។

​បច្ចុប្បន្នជនសង្ស័យ​រូបនេះ​ ត្រូវសមត្ថកិច្ច នគរបាល​ក្រុ​ង​បាត់ដំបង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បីបន្ត​តាម​នីតិវិធី​តាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង