រដ្ឋាភិបាលកម្ពុជា បើកផ្លូវឱ្យ ACU ចាត់វិធានការច្បាប់លើលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង

រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កាលថ្ងៃទី០៣ ខែធ្នូ បានបង្ហាញរបាយការណ៍ផ្លូវការស្ដីពី លទ្ធផលនៃការចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ។

របាយការណ៍នោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានទន្ទ្រានដីព្រៃលិចទឹក នៅតាមបឹងទន្លេសាប ជាង ០២ពាន់ហិកតា ដោយខុសច្បាប់។

យោងតាមរបាយការណ៍ របស់រាជរដ្ឋាភិបាល ដែលប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង ចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និង បានដកហូតដីរដ្ឋទំហំជាង ២.១០០,៦៦ ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹក ត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ដីទន្ទ្រានទាំងអស់នោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូន ក្រសួងធនធានទឹក និងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ។

ជាមួយគ្នានោះ រដ្ឋាភិបាល បានប្រគល់ភារកិច្ចជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរទន្លេសាប និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋ ក្នុងដែនព្រៃលិចទឹកដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល។ ជាងនេះទៀត អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្គោលព្រំដី ដែលបានដាំដោយខុសច្បាប់។

សូមរំលឹកថា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និង បច្ចុប្បន្នជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានការពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ ០២ពាន់ហិកតា។  ហើយរូបលោក ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឈន៍ជនបទ។ រីឯ លោក ស៊ុន សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសវិញ..៕

អត្ថបទដែលជាប់ទាក់ទង