រាជរដ្ឋាភិបាល បង្ហាញរបាយការណ៍ផ្លូវការ ជុំវិញការបង្ក្រាប និងដកហូតដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្ហាញរបាយការណ៍ផ្លូវការស្ដីពីលទ្ធផល នៃការចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋ ស្ថិតក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

របាយការណ៍ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានបង្ហាញខ្លឹមសារលម្អិតរួមមាន៖
ក. ខេត្តកំពង់ឆ្នាំង៖

១- ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

២- ដកហូតដីរដ្ឋទំហំ ២.១០០,៦៦ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹក ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១៩៧ អបក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចមានផែនទីបង្ហាញទីតាំង និងតារាងនិយាមកាភ្ជាប់មកជាមួយ។

៣- ប្រគល់ភារកិច្ចជូន ក្រសួងធនធានទឹក និងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹក តាមស្មារតី នៃអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

៤- ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ។

៥- ប្រគល់ភារកិច្ចជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹកនិងឧតុនិយម, អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹក ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យ លេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

៦- ប្រគល់ភារកិច្ចជូន អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និងដកបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់។

ខ. ខេត្តកំពង់ធំ៖

១- ប្រគល់ភារកិច្ចជូន រដ្ឋបាលខេត្តកំពង់ធំ ជំរុញនីតិវិធីតុលាការករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។

២- ប្រគល់ភារកិច្ចជូន រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំអង្គភាពជំនាញរៀបចំរបាយការណ៍ មានផែនទី និងនិយាមកា ដើម្បីលើកសំណើជូនក្រសួងធនធានទឹកនិងឧតុនិយម កែសម្រួលព្រំប្រទល់តំបន់២ ស្ថិតក្នុងភូមិសាស្ត្រដែលមានការប៉ះពាល់។

៣- ប្រគល់ភារកិច្ចជូន រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ធំ បន្តចាត់វិធានការការពារ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋនៅក្នុងដែនព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ដើម្បីធានានិរន្តរភាព និងត្រូវពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ និងអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។

៤- ប្រគល់ភារកិច្ចជូន អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ធំ ជំរុញអនុវត្តលិខិតលេខ១០០៣ សជណ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ និងលិខិតលេខ១០៤៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រជាជនអាចមានសិទ្ធិកាន់កាប់និងអាស្រ័យផល។

ដីដែលកាត់ធៀលជូន ប្រជាពលរដ្ឋត្រូវរក្សាទុកជូនប្រជាពលរដ្ឋដូច ក្នុងចំណុចទី៤៕

អត្ថបទដែលជាប់ទាក់ទង