សមត្ថកិច្ច មិនទាន់ដឹងមូលហេតុ នៃការស្លាប់ របស់បុរសជនជាតិចិនម្នាក់ ដែលត្រូវគ្រាប់កាំភ្លើងស្លាប់ ក្នុងបុរី Blue Sky ក្រុងព្រះសីហនុទេ

ខេត្តព្រះសីហនុ៖ អធិការក្រុងព្រះសីហនុ លោក តី វិសាល បានអោយដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា ករណីបុរសជនជាតិចិនម្នាក់ ដេកស្លាប់ នៅក្នុងបុរី Blue Sky ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីរសៀលម៉ោង ០៣ និង៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ គឺរហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ដោយមិនទាន់ដឹងមូលហេតុនៃការស្លាប់នៅឡើយទេ។

សមត្ថកិច្ច បន្តថា ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស អាយុ ២១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED៣៦០៣២០០ ជាជនជាតិចិន បានដេកស្លាប់ នៅក្នុងផ្ទះជួល នៅម៉ោង ០៣ និង៣០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី Blue Sky ស្ថិតក្នុងភូមិ៥ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយការស្លាប់ សមត្ថកិច្ចបានពិនិត្យនៅកន្លែងកើតហេតុ ឃើញថា សាកសពជនរងគ្រោះមានស្នាមគ្រាប់កាំភ្លើងចូលលើឆ្អឹងក្បាលជង្គង់គ្រាប់បៀម ១កន្លែង, ស្នាមជើងខាងស្តាំ ១កន្លែង ត្រង់កន្លាក់ជង្គង់ធ្លាយភ្លៅទៅផ្នែកខាងក្រោយ និងចំហៀងក្បាលជង្គង់ខាងក្នុង ធ្លាយទៅគល់ភ្លៅខាងក្រោយ ១កន្លែងទៀត។ ហើយនៅជុំវិញសាកសពជនរងគ្រោះ សមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងចំនួន ០៣គ្រាប់ផងដែរ។

ជុំវិញករណីនេះ មិនទាន់មានការសន្និដ្ឋានជាក់លាក់ណាមួយ ថាជាករណីឃាតកម្ម ឬជាករណីធ្វើអត្តឃាតនោះទេ។

ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង