ធនាគារជាតិ បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មី សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ

រាជធានីភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា បានសេចក្ដីចេញសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ។

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈទាំងគុណភាពទំហំនិងវិសាលភាព។ ហេតុដូច្នេះ ក្នុងគោលបំណងពង្រឹងបន្ថែមទៀត នូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធនាគារជាតិ នៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

សេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ចូលគ្នា រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពប្រសិទ្ធភាព និងមានតម្លៃសមរម្យ សម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន។

ព្រមជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏សូមថ្លែងអំណរគុណចំពោះសាធារណជន ដែលមានជំនឿទុកចិត្តលើប្រព័ន្ធធនាគារ និងវិនិយោគិនថ្មីៗ ដែលមានការចាប់អារម្មណ៍លើការវិនិយោគ ក្នុងវិស័យធនាគារ៕

អត្ថបទដែលជាប់ទាក់ទង