អគ្គិភ័យឆេះផ្ទះជិត១០០ខ្នង នៅខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ

រាជធានីភ្នំពេញ៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋអស់ជិត ១០០ខ្នង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

ភ្លាមៗ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ និងគ្រប់គ្រងទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យយជិត ២០០គ្រឿង ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះគ្រោះអគ្គិភ័យលើកទី១ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ប្រមាណជា ៨០ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង នៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលម្ចាស់ទីតាំងមានឈ្មោះ សាន ដេន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរនៅផ្ទះ។ ហើយចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ចំណែកករណីទី២ បានឆេះបំផ្លាញអស់ផ្ទះចំនួន ១៧ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលម្ចាស់ទីតាំងមានឈ្មោះ លី ភឿង ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរនៅផ្ទះ។ ហើយចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕

https://police.gov.kh/detail/nHW0SNBe6PmqBm1NWB69

អត្ថបទដែលជាប់ទាក់ទង