ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គ.ម សម្រេចការសាងសង់ ៧០.៩៣% គិតត្រឹមខែវិច្ឆិកា

រាជធានីភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសម្រេចការសាងសង់ ៧០.៩៣%រួចហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។

នេះបើយោងតាម របាយការណ៍ពីវឌ្ឍនភាព នៃការសាងសង់ក្នុងឱកាសដែល លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ កាលពីចុងសប្តាហ៍នេះ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន វាយតម្លៃការអនុវត្តការងារសាងសង់ដើម្បីធានាអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ជាពិសេសត្រួតពិនិត្យចំណុចទីតាំងប្តូរទិសចរាចរណ៍ និងទីកន្លែងដែលសាងសង់ជាប់ជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្រោយពីបានចុះពិនិត្យផ្ទាល់ត្រង់ចំណុចផ្លូវបំបែកប្តូរទិសទី២ និងទី៣រួចមក លោក យិត បុណ្ណា ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ ពិនិត្យមើលទីតាំងផ្លូវបំបែកប្តូរទិសនីមួយៗឱ្យបានហ្មត់ចត់ ជាពិសេសត្រង់កន្លែងប្ដូរទិស ដែលមិនមានរបាំងបែងចែកទិសចរាចរណ៍ ដើម្បីស្វែងរកដំណោះស្រាយប្រសិទ្ធភាព និងធានាបានសុវត្ថិភាពដល់អ្នកបើកបរ ដែលធ្វើចរាចរណ៍ចូលមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ និងបានស្នើឱ្យពិនិត្យមើលវិធានបច្ចេកទេសការពារផ្លូវពីការបាក់រអិលជ្រេល ដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារតំបន់មួយចំនួន នៅជាប់ទីតាំងជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD.  ដោយចំណាយរយៈពេលសាងសង់ ៤៨ខែ ហើយគ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក។

ផ្លូវល្បឿនលឿននេះ មានគន្លងផ្លូវចំនួន ០៤គន្លង- ទទឹងផ្លូវសរុប ២៤.៥ ម៉ែត្រ- មានផ្លូវបំបែកទិស ០៧កន្លែង- កន្លែងឈប់សម្រាកចំនួន ០៣កន្លែង- ចំណតរថយន្ត ០១កន្លែង- មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន ០៤កន្លែង។

ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្តកំពង់ស្ពឺ ប្រវែង ៨០.៨ គីឡូម៉ែត្រ- ខេត្តកោះកុង ប្រវែង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩.៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី រាជធានីភ្នំពេញ ឆ្ពោះទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួន ០៥ម៉ោង ថយមកត្រឹមតែ ០២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង