​​រថយន្ត​​បុក​ម៉ូតូ​ បើកឆ្លងផ្លូវជាតិលេខ៥ ស្លាប់​មនុស្ស​២​នាក់ ​នៅ​​កន្លែង​កើតហេតុ

ខេត្ត​ពោធិ៍សាត់​​៖​ សមត្ថកិច្ចនគរបាលស្រុកក្រគរ បានឲ្យដឹងថា មានករណី​គ្រោះថ្នាក់​ចរាចរណ៍ ​​រថយន្ត​បុក​ម៉ូតូ​ បើក​ឆ្លងផ្លូវ​ជាតិលេខ៥ បណ្ដាល​ឲ្យ​មនុស្ស​ ០២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ​។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៤០-១៤១​ ស្ថិត​នៅ​ភូមិ​ ខ្សាច់​ ល្អិត​ ឃុំ​ អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ កាលពីម៉ោង ២១ និង៥៨នាទី យប់​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២១​​​​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បញ្ជាក់ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​រថយន្ដ​ ០១​គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ខៀវ​ ពាក់​ ស្លាក​ លេខ​ភ្នំពេញ​ 3D-8088​ បើកបរ​​ ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់ ក្នុង​ទិស​ដៅ​ពី​ទិសខាងកើត ឆ្ពោះទៅទិសខាងលិច​ លុះដល់​កន្លែង​កើតហេតុ​ខាងលើ​ ក៏បាន​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ ​បើក​ឆ្លងថ្នល់​ ០១​គ្រឿង​ម៉ាក​ ហុងដា​ឌ្រី​ម​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 1D-3671​។

បុរសរងគ្រោះជាអ្នកបើកបរម៉ូតូ មានឈ្មោះ​ ឆូ​យ​ ពន្លឺ​ អាយុ​ ២៣​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ ខ្សាច់​ ល្អិត​ ឃុំ​ អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ (​ស្លាប់​នឹង​កន្លែង​) ​និង​អ្នក​រួម​ដំណើរ​ ឈ្មោះ​ ម៉េ​ន​ រស្មី​ អាយុ​ ៣២​ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ឃុំ​ ជាមួយ​ គ្នា​ (​ស្លាប់​នឹង​កន្លែង​) ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ ត្បូង​ ទៅ​ ជើង​។ ចំណែក ​អ្នកបើកបររថយន្ត​បង្កហេតុ​ បាន​រត់គេច​ខ្លួន​បាត់ស្រមោល​​។​

​លោក​វរសេនីយ៍ទោ​ យូ​ គឹ​ម​ថា​រិ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ក្រគរ​ស្ដីទី​ បាន​ឲ្យ​ដឹង​​ថា​ បន្ទប់​ពី​កម្លាំង​នគរបាល​ជំនាញ​ចរាចរ​ណ៍ បាន​ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើការ​វាស់វែង​រួច​​​បាន​សន្និដ្ឋាន​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្ដាល​មក​ពី​កត្តា​ល្បឿន​ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​

បច្ចុប្បន្ន សាកសព​ជនរងគ្រោះទាំង ០២នាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុម​គ្រួសារ​ ​នាំយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​។​ ប៉ុន្តែចំពោះ​វត្ថុ​​តាង​រថយន្ត​ និង​ ម៉ូតូ​ ត្រូវ​​សមត្ថកិច្ច​ប្រគល់​ ឲ្យ​ទៅ​ការិយាល័យ​​នគរបាល​​ចរាចរណ៍​​ផ្លូវគោក ​​ខេត្ត​​ពោធិ៍សាត់​ ដើម្បីបន្តដោះស្រាយ​តាម​នីតិវិធី​នៅពេលក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង