​សមត្ថកិច្ចមិនទាន់បង្ហាញ របាយការណ៍ផ្លូវការ នៃយុទ្ធនាការបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញឿន ជិត១តោនកន្លះ នៅខេត្តព្រះសីហនុទេ?

ខេត្តព្រះសីហនុ៖ ក្រុមអ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋ កំពុងទន្ទឹងរង់ចាំមើល ការចេញរបាយការណ៍ផ្លូវការ របស់សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនទ្រង់ទ្រាយធំ មួយករណី ដោយរឹបអូសបានគ្រឿងញៀនជិត ១តោន កន្លះ (១៤០០គីឡូក្រាម) កាលពីកណ្តាលអាធ្រាតថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយសមត្ថកិច្ច មិនទាន់បង្ហាញព័ត៌មាននេះជាសាធារណៈទេ។

យុទ្ធនាការខាងលើនេះ ដឹកនាំដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ- ខេត្តកោះកុង- ខេត្តព្រះសីហនុ និង កម្លាំងនគរបាលរាជធានីភ្នំពេញ ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ បានលួចផលិតកែច្នៃគ្រឿងញៀន របស់ពួកគេ ជ្រកក្រោមស្លាកក្រុមហ៊ុន (ហ្វាម អេ ស៊ាង) ដែលជារោងចក្រផលិតដំណាប់ស្វាយ ស្ថិតក្នុងភូមិសាស្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបញ្ជាក់ថា គ្រឿងញៀនជិត ១តោនកន្លះ (១៤០០គីឡូក្រាម) ដែលសមត្ថកិច្ចជំនាញចុះបង្ក្រាបនេះ ត្រូវជនល្មើសដឹកជញ្ជូនចេញពីទីតាំងកែឆ្នៃ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកឆ្ពោះទៅកាន់ខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤ ហើយត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាប នៅក្នុងភូមិសាស្ត្រស្រុកកំពង់សីលា នៅម៉ោង ០១ និង៣០នាទី កណ្តាលអាធ្រាត្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

យុទ្ធនាការនេះ កម្លាំងសមត្ថកិច្ច និងក្រុមជនល្មើស បានផ្ទុះអាវុធបាញ់តដៃគ្នាមួយប្រាវ នៅលើកំណាត់ផ្លូវជាតិលេខ៤ ខណៈឧក្រិដ្ឋជនគ្រឿងញៀន កំពុងដឹកគ្រឿងញៀន នៅក្នុងរថយន្ត ធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជន ដែលជាជនជាតិចិនម្នាក់ បានត្រូវគ្រាប់កាំភ្លើងស្លាប់ នៅនឹងកន្លែង និងជនជាតិចិនម្នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន ជាមួយរថយន្ត ០១គ្រឿង និងគ្រឿងញៀនជាច្រើនទៀត។

សមត្ថកិច្ច បញ្ជាក់ថា គ្រឿងញៀន ដែលបានរឹបអូស គឺប្រភេទ (កេតាមីន) មានទម្ងន់ជាង ១៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជន បានផលិត និងកែច្នៃ នៅក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិន ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចជំនាញ បានបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន នៅតាមផ្លូវជាតិលេខ៤ នៃស្រុកកំពង់សីលា រួចហើយ ក៏បានបន្តចុះទៅឆែកឆេរទីតាំងកែច្នៃ គ្រឿងញឿន នៅភូមិសាស្ត្រស្រុកឱរ៉ាល់ទៀត។ ហើយជាលទ្ធផលយុទ្ធនាការខាងលើនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់ មានឈ្មោះ៖ LEE TSUNG HAN អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ (ស្លាប់)។ ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង ឈ្មោះ LY POHAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។

ជាមួយគ្នានេះ សមត្ថកិច្ច ក៏រឹបអូសបានវត្ថុតាងរួមមាន៖
– ម្សៅសសង្ស័យ កេតាមីន (KE- TAMIN) ចំនួន ៧៤ការ៉ុង ដោយក្នុង ០១ការ៉ុង មាន ២០កញ្ចប់ធំ ឬស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។
– អាវុធខ្លី ម៉ាក់ K៥៤ ចំនួន ០១ដើម- រថយន្ត ០២គ្រឿង – សារធាតុគីមី និងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំទៀត។

បច្ចុប្បន្ន ឧក្រិដ្ឋជនគ្រឿងញៀន រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី។ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃចន្ទ ទី១៣ ខែធ្នូនេះ សមត្ថកិច្ច នៅមិនទាន់បង្ហាញរបាយការណ៍ផ្លូវការ នៃសកម្មភាពចុះបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងខាងលើនេះ ​​នៅឡើយទេ៕

 

អត្ថបទដែលជាប់ទាក់ទង