បើកសិក្ខាសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព” ជូនមន្ត្រីរាជការខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកសិក្ខាសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”  រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២១ រៀបចំឡើងនៅសាលាខេត្តព្រះសីហនុ។

ពិធីនេះ ក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន- អភិបាលរងខេត្ត លោក ម៉ាង ស៊ីណេត និងលោកនាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នាឱកាសនោះ លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពដល់មន្ត្រីរបស់យើង ធានាបានសុវត្ថិភាពពីជំងឺកូវីដ-១៩ តាមគន្លងថ្មី ស្របពេល រាជរដ្ឋាភិបាលប្រកាសបើកដំណើរការអាជីវកម្មគ្រប់ប្រភេទឡើងវិញ ដើម្បីធ្វើអោយងើបឡើងវិញ នូវសេដ្ឋកិច្ចសង្គម។

លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ បញ្ជាក់ថា សិក្ខាសាលានេះ ពិតជាបានផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀតដល់ មន្ត្រីអន្តោប្រវេសន៍ដោយ៖

ទី១. យល់ដឹងបទពិសោធន៍ក្នុងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវបរទេស និងគណ:ប្រតិភូ

២. ពង្រឹងសេវាកម្មជំនាញ

៣. ការធ្វើអំពើល្អ។

លោកបន្ថែមថា ក្នុងនាមជាមន្ត្រីជំនាញត្រូវទទួលខុសត្រូវ និងគិតពីក្រមសីលធម៌ដូចជា៖

១. គោរពវិន័យកងកម្លាំង ២. សម្លៀកបំពាក់សមរម្យ

៣. ពាក្យសម្តីទន់ភ្លន់រាក់ទាក់

៤. ការផ្តល់ពត៌មាន និងការជួយសម្របសម្រួល

៥. រៀបចំកន្លែងធ្វើការ និងកន្លែងទទួលភ្ញៀវស្អាត ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នេះ ឱ្យដំណើរការល្អ នៅតាមច្រកទ្វាអន្តរជាតិទាំងអស់ ក្នុងខេត្តព្រះសីហនុ មានដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសកាន់តែល្អបន្ថែមទៀត។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ត្រីអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីចត្តាឡីស័កប្រចាំអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ក្នុងគោលបំណងកសាងសមត្ថភាព និងផ្តល់នូវចំណេះដឹងលើការងារបដិសណ្ឋារកិច្ច រួសរាយដល់ភ្ញៀវទេសចរនៅតាមច្រកទ្វារអាកាសយានដ្ឋានកងកេង។ ត្រូវធានាឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការធ្វើបដិសណ្ឋារកិច្ច រក្សាសន្តិសុខ សុវត្ថិភាពទេសចរ ពិសេសសម្រាប់ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍គណ:ប្រតិភូ ចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ASEAN Tourism Forum-ATF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ។

លោកបន្តថា ក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ បានរាតត្បាតពេញសកលលោក វិស័យទេសចរណ៍មានការប៉ះពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២០ កម្ពុជាទទួលភ្ញៀវទេសចរបរទេសប្រមាណ ១,៣លាននាក់ ថយចុះ៨០,២ភាគរយ ធៀប២០១៩។ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ កម្ពុជាទទួលភ្ញៀវទេសចរបរទេស ១៤៤.៤៣៣នាក់ ថយចុះ ៨៨,៦ភាគរយ ធៀបឆ្នាំ២០២០។

ក្រសួងទេសចរណ៍ ជំរុញចលនាផ្សព្វផ្សាយ បង្កើនចលនាទេសចរណ៍ផ្ទៃក្នុង សម្របសម្រួលការធ្វើដំណើរ ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ និងសមត្ថភាពជំនាញក្នុងវិស័យទេសចរណ៍។ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនឹងក្រោយវិបត្តិកូវីដ-១៩ (២០២០-២០២៥) រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២១ ដោយចែកជា៣ ដំណាក់កាល៖

ទី១. Resilience & Restart ការគ្រប់គ្រងវិបត្តិក្នុងទម្លាប់ថ្មី និងរៀបចំការស្តារឡើងវិញ (២០២០-២០២១)

ទី២. Recovery ការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ (២០២២-២០២៣)

ទី៣. Relaunch ការរៀបចំឆ្ពោះទៅអនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)៕ ដោយ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង