ផ្អាកអាជីវកម្មកាស៊ីណូទីងស៊ីង បណ្តោះអាសន្ន ព្រោះជាប់ពាក់ព័ន្ធបង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះផ្អាកជាបណ្តោះអាសន្នអាជីវកម្មកាស៊ីណូទីងស៊ីង មានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

មន្ត្រីបញ្ជាក់ថា ចំពោះការផ្អាកការប្រកបអាជីវកម្ម កាស៊ីណូទីងស៊ីង នេះ បានកើតឡើងក្រោយរកឃើញថា កាស៊ីណូនេះ មិនបានអនុវត្តត្រឹមត្រូវតាម សេចក្តីជូនដំណឹងលេខ៩០៧/២១សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំពុងនៅជាធរមានឡើយ។

ជាក់ស្ដែងយោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ  មានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹង របស់ភាគីជនរងគ្រោះ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទីងស៊ីង ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាពក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បន្តថា ក្នុងអំឡុងពេលនេះ ស្នងការនគរបាលខេត្តនេះ ត្រូវចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រងទីតាំងនោះ ដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស ដោយរង់ចាំ ក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ត ចុះអង្កេតស្រាវជ្រាវករណីនេះ ឲ្យបានចប់សព្វគ្រប់ និងមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងខាងលើនេះ ទៅឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និយោជិតរួចរាល់សិន។ ហើយ ក្នុងករណី មិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង