រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នា តាមផ្លូវជាតិលេខ៤ របួសមនុស្ស៣នាក់..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានឲ្យដឹងថា នៅម៉ោង ១១ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មានករណី គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែតលេខ១៣២-១៣៣ ភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រវាងរថយន្ត ០៤គ្រឿង បានបុកប៉ះគ្នា បណ្តាលឲ្យមានមនុស្សរងរបួសមួយចំនួន។

រថយន្តបុកប៉ះគ្នាខាងលើនេះមាន៖ រថយន្តម៉ាក INTERNATIONAL ពណ៌សលឿងបៃតង ក្បាលរថយន្តពាក់ផ្លាកលេខ ភ្នំពេញ3C -8325 សណ្តោងរុឺម៉កដឹកប្រេងពាក់ផ្លាកលេខ ភ្នំពេញ4A-3008,  អ្នកបើកបរឈ្មោះ សុះ វុទ្ធា ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត បើកក្នុងទិសដៅ (ព្រះសីហនុ-ភ្នំពេញ)។ លុះបើកមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយរថយន្ត ០១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AH -1214 អ្នកបើកបរឈ្មោះ រី ឌីវ៉ែន ភេទប្រុស ជនជាតិខ្មែរ អាយុ ៤០ឆ្នាំ មុខរបររត់តាក់ស៊ី ក្នុងទិសដៅស្របគ្នា ហើយក៏ជ្រុលទៅបុកប៉ះរថយន្ត ០១គ្រឿងទៀតម៉ាក FUSO ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខ ខ.ភ.ម02 4.1462 សណ្តោងរុឺម៉ក ក្នុងទិសដៅផ្ទុយគ្នា,  បើកបរដោយឈ្មោះ ជឹម ប៊ុនថា ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិព្រៃស្តុក ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បន្ទាប់មកទៀត ក៏មានរថយន្ត ០១គ្រឿងទៀតម៉ាក LEXUS470 ពណ៌ទឹកមាស ពាក់ផ្លាក ភ្នំពេញ2L 7521 បើកបរដោយឈ្មោះ អុំ ម៉ន ភេទប្រុស ជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ជ្រុលទៅបុកប៉ះ ពីក្រោយរថយន្ត FUSO ក្នុងទិសដៅស្របគ្នា។

សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានបណ្តាលអោយខូចខាតរថយន្តចំនួន ០៤គ្រឿង និងរងរបួសមនុស្សប្រុសចំនួន ០៣នាក់ (ធ្ងន់០១នាក់ និង ស្រាល២នាក់)។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកកំពង់សីលា៕

អត្ថបទដែលជាប់ទាក់ទង