សម្ដេច ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋវៀតណាម

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២១។

ជំនួបនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ច របស់លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) មកកាន់ព្រះរាជាណាចក្រកម្ពុជា ពេលនេះ ក្នុងតួនាទីជាប្រធានរដ្ឋវៀតណាម។

ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ច បើកឆ្នាំមិត្តភាពកម្ពុជាវៀតណាម ឆ្នាំ២០២២។

លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ លើកកម្ពស់តួនាទី និងមុខមាត់ប្រទេសកម្ពុជា ក្នុងតំបន់និងលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានសម្ដែង នូវការពេញចិត្ត ចំពោះភាពរីកចម្រើន ទំនាក់ទំនងរវាងប្រទេសទាំងពីរដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធបំផុត ព្រមទាំងមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមក ទោះបីជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏បាន អបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ ការការពារវិនិយោគ និងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមបែបថ្មី និងព្រមព្រៀងគ្នាជំរុញការរៀបចំផែនការមេស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជា-វៀតណាម ផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាជន ទាំងសងខាង ផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងនោះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការជំរុញពង្រឹងបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ លើវិស័យសុខាភិបាល លើវិស័យអប់រំ លើវិស័យយុត្តិធម៌ ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងឆាតតំបន់។

នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ដែលកន្លងមកបានគាំទ្រ ក៏ដូចជាជួយដល់កម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប នាពេលកន្លងមកនេះ និងអរគុណដល់ លោកផងដែរ ដែលគាំទ្រ និងជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ខណៈដែល កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង