នគរបាលខេត្តព្រះសីហនុ បង្ក្រាបអំពើលួច និងទទួលផលចោរកម្ម ឃាត់ជនពាក់ព័ន្ធ៨នាក់
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅម៉ោង ០៩ និង០០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ ០១គ្រឿងម៉ាក ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួល ស្ថិតនៅ ក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ ក៏បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិខ្មែរ ជាបន្តបន្ទាប់ (ក្នុងនោះមានជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោរកម៉ូតូ និ០២នាក់ទៀត ពាក់ព័ន្ធនឹង ករណី ទទួលផលចោរកម្ម)។
សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះខាងលើឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ រីឯសម្ភារៈបាត់បង់ គឺម៉ូតូ ០១គ្រឿង ម៉ាក ZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌ស្វាយ លេខទួ 5009840 លេខម៉ាស៊ីន 5009840 ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945។
ចំពោះសម្ភារៈវត្ថុតាងចាប់យកបានរួមមាន៖
- ម៉ូតូចំនួន ០៦គ្រឿង ម៉ាក ZOOMER X ចំនួន ០៤គ្រឿង, ម៉ាក HONDA ICON ០១គ្រឿង និង SUZUKI MIO ចំនួន ០១គ្រឿង -ស្លាកលេខម៉ូតូ ចំនួន ១២ សន្លឹក -កញ្ចក់ម៉ូតូ ១គូ និងកាងម៉ូតូ ០១។
ចំពោះ ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនព័ត៌មានដល់ជនរងគ្រោះដែលបាត់ម៉ូតូ រួសរាន់មកពិនិត្យម៉ូតូ ដែលសមត្ថកិច្ចដកហូតបាននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល។
ចំណែកជនសង្ស័យ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី៕