អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យសកម្មភាព ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ បានដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាព ចាក់វ៉ាក់សាំងដូសទី៣ ឬដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅតាមទីតាំងចំនួន ០៣ ក្នុងចំណោម ១០ទីតាំង ក្នុងខេត្តព្រះសីហនុ។

ទីតាំងទាំងនោះ មានដូចជា៖ ទីតាំងសាលាដុនបូស្កូ ទីតាំងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាក់ដោយ ក្រុមគ្រូពេទ្យកងពលតូច ង៧០។

ទីតាំងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឃុំបិតត្រាំង ចាក់ដោយក្រុមគ្រូពេទ្យកងកិត្តិយសត្រែទ័ព និងទីតាំងបរិវេណវត្តស្មាច់ដែង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ចាក់ដោយក្រុមគ្រូពេទ្យកងទ័ពជើងទឹក ។

នាឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងការចូលរួមពីក្រុមគ្រូពេទ្យ របស់កងយោធពលខេមរភូមិន្ទ និងការសម្របសម្រួលដោយមន្ត្រីនៃមន្ទីរការងារ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនទៀត ដែលបានចុះជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបន្តចាក់ដូសទី៣ ឬដូសជម្រុញ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់គ្នា ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងធ្វើឱ្យកម្ពុជាបានប្រកាសបើកសេដ្ឋកិច្ចសង្គម និងបើកប្រទេសឡើងវិញ។

លោក គួច ចំរើន បន្តថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាហើយ ប៉ុន្តែទោះបីព្រឹត្តិការណ៍នេះត្រូវបានបិទបញ្ចប់ ក៏កិច្ចខិតខំប្រឹងប្រែង របស់សម្ដេចតេជោ រួមជាមួយមន្ត្រីរាជការ ពិសេសក្រុមគ្រូពេទ្យ នៅតែបន្តបេសកកម្មទៅមុខទៀត ដែលនេះ ជាការទទួលខុសត្រូវដ៏ពិតប្រាកដ របស់សម្តេចតេជោ នៅក្នុងបុព្វហេតុ នៃការការពារសុខមាលភាពជូនដល់ប្រជាពលរដ្ឋ ជនរួមជាតិកម្ពុជារបស់យើង។

ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមមេត្តាមកចូលរួមទទួលយកវ៉ាក់សាំងដូសជម្រុញ ដើម្បីបង្កើតភាពសុំាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ ហើយក្រុមគ្រូពេទ្យ របស់យើង មានកងទ័ព ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល យោធាខេត្តបន្តចាក់វ៉ាក់សាំងដូសទី៣ ដោយឥតគិតថ្លៃ និងចូលរួមអនុវត្ត៣.ការពារ ៣.កុំ គម្លាតសុវត្ថិភាព ការចូលរួមរបស់បងប្អូន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ឲ្យបានទាំងអស់គ្នា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង