ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទៅទទួលយក ភ្ញៀវទេសចរបរទេសម្នាក់ ឈឺធ្ងន់នៅលើកោះរ៉ុងសន្លឹម មកសង្គ្រោះនៅមន្ទីរពេទ្យ..

ខេត្តព្រះសីហនុ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០២១​នេះ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C មួយគ្រឿងឲ្យទៅទទួលយក ភ្ញៀវទេសចរ ជាជនបរទេសម្នាក់ ដែលបានដួលសន្លប់ នៅមុខបន្ទប់ នៃផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដើម្បីបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចរបរទេស ខាងលើនេះ មានឈ្មោះ Wayne Michael Meegan ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ អៀរឡង់។

ភ្ញៀវទេសចររងគ្រោះរូបនេះ បន្ទាប់ពីត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន លោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនមកដល់កំពង់ផែ ក្នុងក្រុងព្រះសីហនុ រួចក៏បន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុន GTVC ផ្ទាល់ ដើម្បីនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ប្រភពព័ត៌មានចុងក្រោយពីគ្រូពេទ្យ បានឲ្យដឹងថា ដោយស្ថានភាពជំងឺជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន ជនរគ្រោះក៏បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ លោកឧកញ៉ាទៀ វិចិត្រ ក៏បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ របស់ជនរងគ្រោះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង