អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការសាងសង់អគារ និងការស្ថាបនាផ្លូវនានា..

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព​ នៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន ០២ខ្នង​ និងការស្ថាបនាផ្លូវបេតុងចំនួន ០៧ខ្សែ ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត​ ដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។ អណោយនេះ ធ្វើឡើងតាមរយៈ លោក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ធ្វើការលម្អនៅក្នុងទីតាំងបរិវេណជុំវិញ ដាំទៅដោយដើមឈើ និងដើមផ្កា ដើម្បីឱ្យមានសោភ័ណភាព និងបរិស្ថានស្អាត ព្រមទាំងជាម្លប់ដល់កងទ័ព ដែលធ្វើការហ្វឹកហាត់បន្ទាប់ពីឈប់សម្រាក ឬអាចជ្រក​ក្រោមម្លប់ដើមឈើ និងទទួលយកនៅខ្យល់អាកាសបរិសុទ្ធជាដើម។

លោក នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានបញ្ជាក់ថា អាគារទាំងពីរខ្នងខាងលើនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ ដោយក្រោមការអញ្ជើញជាអធិតីភាព លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក និងមានការអញ្ជើញចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមកដល់ពេលបច្ចុប្បន្ននេះវឌ្ឍនភាពនៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន ០២ខ្នងដែល ០១អាគារៗមានទំហំ១០,៥០ម x ៣៦ម កម្ពស់ ០១ជាន់ និងអាគារបន្ទប់ទឹករួមចំនួន ០២ខ្នងដែល ០១ខ្នងៗមានទំហំ ២១ម x ៦ម និងការស្ថាបនា​ផ្លូវបេតុងចំនួន ០៧ខ្សែ ដែលមានប្រវែងសរុបចំនួន ៥២៥ម ទទឹង ៧ម កំរាស់ ១៥០ម.ម ក្នុងការសាងសង់ស្ថាបនាបានសមិទ្ធផល ៩៥%ហើយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង