កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រៀបចំទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង-ទាំងអស់គ្នា បន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ”។

ពិធីនេះបានរៀបចំឡើង នៅព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណមជ្ឈមណ្ឌល ពិភពមង្គល ស្ថិតក្នុងក្រុង- ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា និងអ្នកស្ម័គ្រចិត្តផងដែរ។

នាឱកាសនោះ អ្នកស្រី ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខា បានអានសារលិខិតទាំងស្រុង របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ដ៏ប្រសើរថ្លៃថ្នានេះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស សូមថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បងប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ គ្រប់កាលៈទេសៈ។

ចំណែក លោក លូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនានា បងប្អូនអ្នកស្ម័គ្រចិត្ត ទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌នៅទូទាំងខេត្តព្រះសីហនុ។

លោកអនុប្រធានកម្មាធិការសាខា បានបន្តទៀតថា ដើម្បីអបអរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតែងតែរៀបចំពិធីនេះ ធ្វើឡើងក្នុងគោលបំណង កោតសរសើរ និងថ្លែងអំណរគុណ ការខិតខំប្រឹងប្រែង របស់អ្នកស្ម័គ្រចិត្តទាំងអស់ និងគ្រប់ស្ថាប័ន អង្គការនានា ដែលបានបំពេញភារកិច្ចជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។ ហើយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា មិនត្រឹមមាននៅតាមសហគមន៍នោះទេ ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា និង ថ្នាក់ដឹកនាំគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៥ ក៏ជាអ្នកស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួនដោយមិនខ្លាចនឿយហត់ដោយគ្មានប្រាក់បៀវត្សនោះទេ មិនត្រឹមតែប៉ុណ្ណោះ បានចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការងារមនុស្សធម៌ថែមទៀតផង ។

ជាមួយគ្នានោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានផ្តល់ជូនសម្ភារៈដល់អ្នកស្ម័គ្រចិត្ត ចំនួន ២៦៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, មី ១កេស, ទឹកត្រី ១យួរ, កន្ទេល១, ម៉ាស ១កញ្ចប់, ជែល ១ដប (៥០០ml), ទឹកសុទ្ទ ១កេស, ទឹកក្រូច ១កេស, ឃីត១ (សារុង១ ក្រម៉ា១ ម៉ុង១ ភួយ១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង