កម្មវិធីអប់រំផ្សព្វផ្សាយអំពី បណ្តាញលូ និងទឹកកខ្វក់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីនេះបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងឆ្នេរខ្សាច់ក្បែរភោជនីយដ្ឋាន Lemon Grass ក្នុងបរិវេណសណ្ឋាគារឆ្នេរសុខា ក្រោមអធិបតីភាព លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដោយមានចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចៅសង្កាត់ មន្ត្រីរដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា កម្មវិធីអប់រំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការយល់ដឹងអំពី តម្រូវការ គុណប្រយោជន៍ ភាពចាំបាច់នៃប្រព័ន្ធលូនិង ប្រព័ន្ធចម្រុះទឹកកខ្វក់។ ហើយ កម្មវិធីនេះ មានគោលដៅជម្រុញការចូលរួមរបស់ប្រជាជនទូទៅ ឱ្យបានទូលំទូលាយបំផុត ក្នុងការប្រើប្រាស់និងថែរក្សាបណ្តាញលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់ ដោយយកចិត្តទុកដាក់ ព្រោះនេះជាកត្តាចម្បងសម្រាប់ការគ្រប់គ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួច ប្រកបដោយនិរន្តភាព និងសម្រាប់អ្នកជំនាន់ក្រោយ។

លោកបន្តថា ក្រុងព្រះសីហនុ កន្លងមក ក៏ជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ ប្រឡាយ និងបណ្តាញលូ ត្រូវបានកកស្ទះដោយសារសំណល់ប្លាស្ទិក ដែលបានបោះចោលពាសវាលពាសកាល ការកកស្ទះបណ្តាញលូដោយសារការចាក់សំណល់ផ្ទះបាយចូល និងការភ្ជាប់បណ្តាញលូដែលខុសបច្ចេកទេស ដែលនាំឲ្យទឹកកខ្វក់ហូរចូលទឹកសមុទ្រជាដើម។ ដូចនេះហើយ ការអប់រំផ្សព្វផ្សាយនៅថ្ងៃនេះ អាចជាទិសដៅបំផុសការចូលរួម របស់ប្រជាជនទូទៅ ក្នុងកិច្ចការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង