នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធ​ប៉ុនប៉ងមនុស្សឃាត និងចាប់ជំរិត

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា កម្លាំងជំនាញផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាប​ករណីករណីប៉ុនប៉ងមនុស្សឃាត- កាន់កាប់រក្សាទុក- ប្រើប្រាស់អាវុធដោយខុសច្បាប់ និងប៉ុនប៉ងចាប់ជំរិត ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់។

​របាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣ និង​២០នាទី មានជនសង្ស័យជាបុរស ជនជាតិចិនចំនួន ០២នាក់ ​មានឈ្មោះ JIANG FENG និង ឈ្មោះ BAO JIE បានទៅជួបអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស នៅខាងមុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យទាំង ០២នាក់ សុំចូលធ្វើការនៅសណ្ឋាគារ និងកាស៊ីណូខាងលើ។ ហើយជនសង្ស័យទាំង ០២នាក់ បានសុំខ្ចីលុយពីអ្នកគ្រប់គ្រង ក្នុងម្នាក់ ១៨,០០០$ (មួយម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) សរុបទាំង ០២នាក់ ចំនួន ៣៦,០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិក) លុះក្រោយពេលដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស បានវេរលុយឲ្យជនសង្ស័យទាំង ០២នាក់​រួច​ ក៏ស្រាប់តែជនសង្ស័យទាំង ០២នាក់ បានព្យាយាមចាប់ខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ដោយជនសង្ស័យឈ្មោះ JIANG FENG យកកាំភ្លើងខ្លី ០១ដើម ភ្ជុងក្បាលពោះជនរងគ្រោះ រីឯជនសង្ស័យឈ្មោះ BAO JIE ចាប់ក្រៀក ក ហើយក៏ត្រូវបានសន្តិសុខ និងបុគ្គលិក របស់សណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ឃើញ ក៏បានចូលទៅប្រតាយប្រតប់ជាមួយជនសង្ស័យទាំង ០២នាក់។

សមត្ថកិច្ចបន្តថា ដោយឃើញសភាពការណ៍មិនសូវស្រួល ជនសង្ស័យឈ្មោះ JIANG FENG ក៏បានទាញកាំភ្លើងខ្លីរបស់វា បាញ់សំដៅទៅសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ កាស៊ីណូ វិមានខ្សាច់មាស ០១គ្រាប់ បណ្តាលឲ្យត្រូវសន្តិសុខ ជនជាតិចិនម្នាក់ រងរបួសត្រង់ក្បាលពោះ បៀមគ្រាប់ជាប់ខាងក្នុង បន្ទាប់មកជនសង្ស័យទាំង ០២នាក់ បាននាំគ្នារត់គេចខ្លួនបាត់អស់​។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ​ រហូតដល់វេលាម៉ោង ១៤ និង ៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ BAO JIE រីឯជនសង្ស័យ ០១នាក់ទៀត ឈ្មោះ JIANG FENG ជាជនដៃដល់ បានរត់គេចខ្លួន ព្រមទាំងយកកាំភ្លើងខ្លីទៅជាមួយ​។

ក្រោយមកទៀត កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ក៏បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនសង្ស័យឈ្មោះ JIANG FENG រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលម៉ោង ១៦ និង ៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ JIANG FENG ដែលកំពុងលាក់ខ្លួននៅនៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ចំនួន ០១ដើម ដែលជនសង្ស័យយកទៅលាក់ទុកនៅបន្ទប់ជួលមួយកន្លែងម្តុំ អិលវីចាស់​។

ជនរងគ្រោះ ដែលត្រូវបានជនសង្ស័យ ប៉ុនប៉ងចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះ ដែលជាសន្តិសុខ រងរបួសដោយត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ មានឈ្មោះ ZHANG SHUANG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរងរបួសត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ ត្រង់ក្បាលពោះ បៀមគ្រាប់ជាប់ខាងក្នុង កំពុងសង្គ្រោះនៅមន្ទីពេទ្យចិន ស៊ីកាងអ៊ីយៀន​។

ចំណែកជនសង្ស័យទាំង ០២នាក់ មានឈ្មោះ​៖

១- ឈ្មោះ JIANG FENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​ ។

២- ឈ្មោះ BAO JIE ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EH0751542 មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន៖

– កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI M906-TD ពណ៌ទឹកប្រាក់-ខ្មៅ មានលេខសម្គាល់ៈ 000168
– បង់កាំភ្លើង ០១ មាន ០៥គ្រាប់
– បំពង់ផ្ទប់សម្លេង (ស៊ីឡង់) ០១ ពណ៌ខ្មៅ
– ខ្នោះដៃ ០២គូរ
– ពិលឆក់ ០១គ្រឿង
– ស្កុត ០១ដុំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង