លោក ទៀ វិចិត្រ បញ្ជូនអូប័រ ទៅជួយសង្គ្រោះជនរងគ្រោះ ជួបបញ្ហានៅលើលម្ហសមុទ្រ

ខេត្តព្រះសីហនុ៖ លោក ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជីធីវីស៉ី ស្ពីតបូត កម្ពុជា (GTVC Speed Boat Cambodia) និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនលោក ទៅជួយសង្គ្រោះជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន ២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ។

លោក ទៀ វិចិត្រ មានប្រសាសន៍ថា ឧបហេតុទាំង ២ករណីរួមមាន៖

– ករណីទី១៖ គឺផ្ទុះឆេះម៉ូតូទឹក មួយគ្រឿងពេលកំពុងធ្វើដំណើរ ចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះចំនួន ២នាក់នៅលើម៉ូតូទឹក ឆេះរងបួស។

-ករណីទី២៖ ទូកដឹកសម្ភារៈ មួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរក្នុងទូកចំនួន ១០នាក់ ក្នុងនោះមានក្មេងចំនួន​ ៣នាក់​ (ស្រីចំនួន​២នាក់​ ) ពេលមកដល់ចំណុចខាងជើងកោះដែកគោល ទូកក៏បានបែកក្តាបាត បណ្តាលមកពីទឹករលកធំៗ។

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ ត្រូវបានយកលើដីគោកខេត្តព្រះសីហនុ ដោយសុវត្ថិភាព។ ចំណែក អ្នករងរបួស ត្រូវបានយកមកសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង