ដើមពោធិ៍ជ្រៃ និងរុក្ខជាតិធំៗមួយចំនួនទៀត ដុះលូតលាស់លឿននៅតាមប្រាសាទ បានបង្កហានិភ័យដល់ប្រាសាទ

ខេត្តសៀមរាប៖ ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំ ជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុកដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែង ដើម្បីបញ្ជៀស នូវហានិភ័យផ្សេងៗបង្កឡើងដោយរុក្ខជាតិទាំងនោះ។

លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំងឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះ ងាយនឹងដុះលូតលាស់លឿន ដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ក្នុងការកាត់សម្អាតជាប្រចាំ ពោលគឺក្នុងរយៈពេល១ខែកន្លះ ឬ២ខែ ត្រូវមកកាត់សម្អាតម្តង មិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព និងចៀសវាងធ្វើឱ្យថ្មប្រាសាទក្រៀកឬរលុះ នៅពេលរុក្ខជាតិដុះកាន់តែធំ។

មូលហេតុដែលនាំឱ្យរុក្ខជាតិទាំងនោះ មកដុះនៅលើប្រាសាទបាន ដោយសារកត្តា ខ្យល់បក់ នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិ មកធ្វើជាចំណីរអាហារជាប្រចាំ៕

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក ហ៊ុំ រិទ្ធី និងលោក ជា វណ្ណៈ

អត្ថបទដែលជាប់ទាក់ទង