រដ្ឋមន្រ្តីការបទេសម៉ាឡេស៊ី គ្រោងធ្វើទស្សនកិច្ចស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ លោក ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ តំណាង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជម្រាបពីគោលបំណងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប នាពេលខាងមុខ។

លោកឯកអគ្គរាជទូតម៉ាឡេស៊ី  បញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ លោក រដ្ឋមន្រ្តី ក៏មានបំណងស្វែងយល់ការងារអភិរក្សប្រាសាទ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងរមណីយដ្ឋានអង្គរផងដែរ។

លោកបន្ថែមថា ការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដោយអាជ្ញាធរជាតិអប្សរា ទទួលបានការកោតសរសើរ និងល្បីល្បាញជាខ្លាំង ដែលធ្វើឱ្យប្រទេសដទៃទៀត មានម៉ាឡេស៊ីផង ចង់ស្វែងយល់ និងរៀនសូត្រ។

លោក ELDEEN HUSAINI MOHD HASHIM បញ្ជាក់បន្ថែមថា លោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី គ្រោងចុះស្វែងយល់ពីការងារមួយចំនួន នៅតាមការដ្ឋានការងារខ្លះ ក្នុងរមណីយដ្ឋានអង្គរ អំឡុងពេលមកបំពេញការងារផ្លូវការនៅខេត្តសៀមរាប នាពេលឆាប់ៗនេះផងដែរ។

ជាកិច្ចឆ្លើយតប លោក ឡុង កុសល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគម្រោងដំណើរទស្សនកិច្ចនេះ និងបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា រង់ចាំស្វាគមន៍ ក៏ដូចជាចែករំលែក នូវបទពិសោធន៍ទៅភាគីម៉ាឡេស៊ីគ្រប់ពេលវេលា៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី

អត្ថបទដែលជាប់ទាក់ទង