អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត

ខេត្តសៀមរាប: អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គ ឱ្យរឹងមាំឡើងវិញ។

លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាង្គបាកាណ មានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗ តាមចំណុចជ្រុង។ លោកថា ការរំកិលថ្មនេះ គឺដោយសារកត្តាធម្មជាតិ ដូចជា៖ ទឹកភ្លៀង បានហូរច្រោះកម្ទេចដី និងថ្មតូចៗ ចូលក្នុងចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំងអាយុកាល នៃប្រាសាទ ជាហេតុធ្វើឱ្យថ្មបាយក្រៀម នៅផ្នែកខាងក្នុងតួប្រាង្គពុកផុយ បណ្ដាលឱ្យទម្ងន់ទាំងស្រុងសង្កត់មកលើថ្មភក់ស្រទាប់ខាងក្រៅបាក់បែក និងរំកិលចេញ។

លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ  ក៏បានឱ្យដឹងថា ក្រុមការងារបានជួសជុល នៅជ្រុងនិរតីតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ នៅខែមីនា ឬខែមេសា ឆ្នាំ២០២២ខាងមុខ។

លោកបន្តថា ការជួសជុលនេះ ធ្វើឡើងស្របនឹងធម្មនុញ្ញអង្គរ និងមានការត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់បំផុត។

ប្រាង្គបាកាណនេះ ធ្លាប់ទទួលបានការជួសជុលម្ដងមកហើយកាលពីអំឡុងទសវត្សឆ្នាំ១៩៣០៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទដែលជាប់ទាក់ទង