សញ្ញាបត្រ របស់សាលា West Point អាមេរិក មិនមានបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ទេ..

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែល របស់សារព័ត៌មាន ក្នុងស្រុកថា បញ្ហាសញ្ញាបត្រ លោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយ កាលពីឆ្នាំ២០១៩ ដែលមានន័យថា ស្ដង់ដារសញ្ញាបត្រ របស់សាលាអាមេរិក មិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់​ដូចដែល លោក សម រង្ស៊ី លើកឡើងនោះទេ។

លោក Chad Roedemeier បានបញ្ជាក់ប្រាប់ថា ស្ថានទូត មិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលា របស់អាមេរិកនោះទេ តែលោកថា ករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះ ប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនង នៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point គឺលោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិ បានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើម របស់ក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក។ ហើយថា របៀប នៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធា គឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នាដែរ។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ៕ ប្រភព៖ Bayon Radio​

អត្ថបទដែលជាប់ទាក់ទង