វិវាទដីធ្លី រវាងស្ត្រីវ័យជាង៨០ឆ្នាំ ​ជាមួយក្មួយស្ត្រីបង្កើត ក្នុងខេត្តព្រះសីហនុ មិនទាន់មានដំណោះស្រាយ..

ខេត្តព្រះសីហនុ៖ ស្ត្រីវ័យចំណាស់ឈ្មោះ ហេង ប៉ាន់ មាន​អាយុជាង ៨០ឆ្នាំ ​រស់ក្នុងភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រសាសន៍​ថា រូបគាត់ ត្រូវបានក្មួយស្រី របស់គាត់ ឈ្មោះ អ៉ឹង ស៊ីវង៉េង មានអាយុ​ជាង ៤០ឆ្នាំ​ បានព្យាយាមប្តឹងរូបគាត់ ទៅកាន់តុលាការ ដោយចោទរំលោភលើដីកម្មសិទ្ធិ របស់ខ្លួន ខណៈក្មួយស្រី​គាត់ បានព្យាយាមធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីលំនៅដ្ឋាន របស់គាត់កំពុងរស់នៅ។

ស្ត្រីវ័យចំណាស់រូបនេះ បញ្ជាក់ថា រូបគាត់មិន​បានរំលោភយកដីបុគ្គលណាម្នាក់មកធ្វើជារបស់ខ្លួន ក្រៅពីដីកម្មសិទ្ធិរបស់គាត់​នោះទេ។ ហើយបានសំណូមពរដល់ ថ្នាក់ដឹកគ្រប់ស្ថាបណ្ណ័ពាក់ព័ន្ធ ចុះរកដំណោះស្រាយលើករណីវិវាទដីធ្លី ខាងលើនេះ ដោយសុក្រិត្យ ដើម្បីឲ្យរូបគាត់ទទួលបាន​យុត្តិធម៌ឡើងវិញ។

ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ​ថ្លែងគាំទ្រស្ត្រីវ័យចំណាស់ ឈ្មោះ ហេង ប៉ាន់ ដោយចាត់ទុកដីមានទំនាស់ខាងលើ គឺជាកម្មសិទ្ធិ របស់ស្ត្រីវ័យចំណាស់រូបនេះជាយូរណាស់មកហើយ។ ពលរដ្ឋទាំងនោះ ចាត់ទុកវិវាទដីធ្លីខាងលើនេះ ថាជារឿងអយុត្តិធម៌ បំផុតសំរាប់ លោកយាយ ហេង ប៉ាន់ ដែលជាម្ចាស់ដីពិតប្រាកដ និងបានកាន់កាប់ និងអស្រ័យផលតាំងពីឆ្នាំ១៩៨៥ កន្លងមកនោះ ប៉ុន្តែបែរជាមកដល់​អំឡុងឆ្នាំ២០២០​-២០២១ ក៏ត្រូវក្មួយ របស់គាត់ ឈ្មោះ អ៉ឹង ស៊ីវង៉េង ប្តឹងគាត់ថារំលោភយកដី របស់ខ្លួនទៅវិញ (ដោយសំអាងលើបណ្ណ័កម្មសិទ្ធិ ឆ្នាំ១៩៩៣)។

ប្រភពពីប្រជាពលរដ្ឋ បញ្ជាក់ឲ្យដឹងទៀតថា ដីរបស់ឈ្មោះ អ៉ឹង ស៊ីវង៉េង ដែលជាដីសល់ពីកេរអាកររបស់ (ឱពុក ម្តាយ) ពិតជាមានមែន ប៉ុន្តែមិនមានការពាក់ព័ន្ធ នឹងដី របស់លោកយាយ ហេង ប៉ាន់ នោះទេ គ្រាន់តែដីអ្នកទាំងពីរ នៅក្នុងរបងជាមួយគ្នា និងព្រំជាប់គ្នាតែប៉ុណ្ណោះ។

ប្រភពដដែលបន្តទៀតថា នៅក្នុងបណ្តឹង របស់ឈ្មោះ អ៉ឹង ស៊ីវង៉េង ដែលបានប្តឹងចោទប្រកាន់ ស្ត្រីវ័យចំណាស់ឈ្មោះ ហេង ប៉ាន់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ គឺបានចោទពីបទ បំផ្លិចបំផ្លាញរបងថ្ម និងរបងសំណាញ់ ក្នុងគោលបំណងចាប់គ្រួសារស្ត្រីវ័យចំណាស់រូបនេះ ដាក់ពន្ធនាគារ ក៏ប៉ុន្តែត្រូវបានតំណាងអយ្យការ ស្វែងរកយុត្តិធម៌ដល់គ្រួសារលោកយាយ ហេង ប៉ាន់ ដោយបានតម្កល់សំណុំរឿងទុកឥតចាត់ការ ដោយសារតុលាការ កមិនឃើញកំហុសឆ្គង ដូចការ​ចោទ​ប្រកាន់ របស់ឈ្មោះ អ៉ឹង ស៊ីវង៉េង នោះទេ។

ចំពោះករណីនេះ ដើមបណ្តឹងឈ្មោះ អ៉ឹង ស៊ីវង៉េង ក៏បានបន្តប្តឹងសុំអន្តរាគមន៍ទៅកាន់ លោក ដួង តារា ដែលជាជំនួយការផ្ទាល់ របស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយរកដំណោះស្រាយថែមទៀត។ ហើយក្រោយមក លោក ដួង តារា ​ក៏បានអញ្ជើញឈ្មោះ អ៉ឹង ស៊ីវង៉េង និងប្តី ឈ្មោះ គួយ តាយ ឱ្យទៅធ្វើការ​ដោះស្រាយ ឬសម្របសម្រួល ជាមួយ លោកយាយ ហេង ប៉ាន់ ប៉ុន្តែមិនឃើញឈ្មោះ អ៉ឹង ស៊ីវង៉េង និងប្តីឈ្មោះ គួយ តាយ ​ចូលខ្លួនទៅដោះស្រាយវិវាទដីធ្លីខាងលើនេះទេ។

​ទាក់ទិនទំនាស់ដីធ្លីខាងលើនេះ ​ស្ត្រីវ័យចំណាស់ឈ្មោះ ហេង ប៉ាន់ បញ្ជាក់ថា រូបគាត់ ​ធ្លាប់បានដាក់ពាក្យបណ្តឹ​ង​​ទៅកាន់អាជ្ញាធរឃុំអណ្តូងថ្ម និងស្រុកព្រៃនប់ ដើម្បីឱ្យជួយដោះស្រាយតាមផ្លូវច្បាប់ដែរ ប៉ុន្តែមិនទទួលបានលទ្ធផល​ទេ ដោយសារភាគីឈ្មោះ អ៉ឹង ស៊ីវង៉េង និងប្តីឈ្មោះ គួយ តាយ មិនចូលខ្លួនដោះស្រាយទេ។ ហើយផ្ទុយទៅវិញ បែរជាបានព្យាយាមជួលក្រុមជាងសំណង់ ឲ្យចូលទៅសាងសង់របងថ្ម នៅលើដីកំពុងមានទំនាស់ខាងលើនេះទៅវិញ។

បញ្ហានេះដែរ លោក ព្រំ មុន្នី មន្រ្តីរដ្ឋបាលស្រុកព្រៃនប់ បានបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីខាងលើនេះ លោកបានឱ្យអាជ្ញាធរឃុំអណ្តូងថ្ម ចុះទៅធ្វើការហាមឃាត់ហើយ ពោល គឺមិនអនុញាត្តិ ឱ្យភាគីណាមួយធ្វើអ្វីនៅទីតាំងដីទំនាស់នេះទេ ដោយរង់ចាំការដោះស្រាយតាម​នីតិវិធីច្បាប់ជាមុនសិន ទើបអាចឱ្យសាងសង់សំណង់ ឬរបងផ្សេងៗបាន។

យ៉ាងណាក៏ដោយចុះ គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅ​មិនទាន់អាចសុំ​ការបំភ្លឺ​ពី លោកស្រី អ៉ឹង ស៊ីវង៉េង ជុំវិញវិវាទដីធ្លីខាងលើបាននៅឡើយទេ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង