សកម្មភាពសម្អាតបរិស្ថាន នៅតំបន់ឆ្នេរឈើទាល២ ក្រោយពិធីឆ្លងឆ្នាំសកលបញ្ចប់
ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយនឹងមន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានរួមគ្នាសម្អាតបរិស្ថាន នៅតំបន់ឆ្នេរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយពិធីឆ្លងឆ្នាំសកល ត្រូវបានបញ្ចប់។
នាឱកាសនោះ លោក ទៀង វណ្ណារិទ្ធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងព្រះសីហនុ បានបញ្ជាក់ថា សកម្មភាពការរើសសំរាមនៅតាមតំបន់ឆ្នេរថ្ងៃនេះ គឺចង់បង្ហាញ ទៅដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឱ្យចូលរួមស្រលាញ់ និងចូលរួមសម្អាតអនាម័យបរិស្ថានតំបន់ឆ្នេរ ឲ្យបានទាំងអស់គ្នា។
ដោយឡែក លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា ក្រោយពីពិធីឆ្លងឆ្នាំសកលរួច បានបន្សល់ទុក នូវកាកសំណល់សំរាម និងកាកសំណល់ផ្សេងៗ ឃើញនៅរាយប៉ាយតិចតួចនៅតាមតំបន់ឆ្នេរ បើទោះបី ជាកាកសំណល់សំរាមធំៗ ត្រូវបានបុគ្គលិកប្រមូលសំអាតរួចរាល់កន្លងមកបែបណាក្តី។
លោកបន្តថា ជាបន្តបន្ទាប់មកនេះ បងប្អូនមួយចំនួនតូច នៅមិនទាន់បានយកចិត្តទុកដាក់ ក្នុងការចូលរួមថែរក្សា បរិស្ថានតំបន់ឆ្នេរ របស់យើងនៅឡើយទេ ដោយនៅលើឆ្នេរ និងទឹកសមុទ្រ បានបន្សល់នៅកាកសំណល់ ថង់ប្លាស្ទិក ដែលធ្វើឲ្យប៉ះពាល់បរិស្ថានជាខ្លាំង។
ផ្តើមពីបញ្ហានេះ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា សំអាតអនាម័យឆ្នេរ ឲ្យបានទាំងអស់គ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្ត នៅតាមតំបន់ឆ្នេរខេត្តព្រះសីហនុ ឲ្យបានច្រើនកុះករ នាថ្ងៃអនាគត។
ជាងនេះទៀត សម្រាប់ភ្ញៀវទេសចរជាតិ ដែលចូលមកកម្សាន្តនៅតាមតំបន់ឆ្នេរនានា ក្នុងខេត្តព្រះសីហនុ គម្បីត្រូវវេចខ្ចប់កាកសំណល់ ឬសំរាម ដែលសល់ពីអាហារទទួលទាន របស់លោកអ្នក ឲ្យមានរៀបរៀបរយ និងទុកដាក់ ឲ្យបានត្រឹមត្រូវ ប្រយោជន៍ដើម្បីរួមគ្នាថែរក្សាអនាម័យ និងបរិស្ថានឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ឲ្យមានសោភ័ណភាពថែមទៀត៕ ដោយ៖ ហ្វារីត