សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ មីន អោង ឡាំង

មីយ៉ាន់ម៉ា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយឧត្តមសេនីយ៍ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២​នេះ​។ បន្ទាប់ពី​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីព្រឹកមិញ​។
​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយ លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗ នៅក្នុងអាស៊ាន។
តបតាមការអញ្ជើញ របស់ លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពញទស្សនកិច្ច នៅសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា រយៈពេល ០២ថ្ងៃ ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។
អមដំណើរសម្តេចតេជោ ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ចនេះ មានដូចជា៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមន្ត្រី​ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត​៕

 

អត្ថបទដែលជាប់ទាក់ទង