ពិធីជួបសំណេះសំណាល ជាមួយជនរងគ្រោះ ដោយគ្រឿងញៀន នៅស្រុកជុំគីរី ខេត្តកំពត

ខេត្តកំពត៖ នាឱកាសថ្ងៃប្រារព្ធទិវាថ្ងៃទី៧ មករា ឆ្នាំនេះ លោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ ម្លេច ស្រុកជុំគីរី ខេត្តកំពត និងជាសមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា- ប្រធានអនុកម្មការ ខ២៦ ក.ព ៣១ លោកឧត្តមសេនីយ៍ត្រី គឹម កុសល ប្រធានមណ្ឌលបន្សាបគ្រឿងញៀន និងកែប្រែ រួមជាមួយ លោកបណ្ឌិតសាស្រ្តាចារ្យ ចាន់ សំអាន បានបង្កើតកម្មវិធីសំណេះសំណាល និងនាំយកជំនួយ ទៅឧបត្ថម្ភ ដល់ជនរងគ្រោះដោយសារគ្រឿងញៀន។

នាឱកាសនោះ លោក ផង់ យ៉ុត មានប្រសាសន៍ថា ការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ នៃទិវាជ័យជំនះ ៧មករា ១៩៧៩ ដល់ ៧មករា ២០២២ ដែលជាថ្ងៃរំដោះឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជារបបប្រល័យពូជសាសន៍កាប់សម្លាប់គ្មានត្រាប្រណី បង្អត់អាហារ និងធ្វើទារុណកម្មគ្រប់បែបយ៉ាងមកលើប្រជាជន និងជាតិសាសន៍ឯង។ ហើយថ្ងៃ៧មករានេះ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ពោលគឺ បើគ្មាន ៧មករា១៩៧៩ ក៏គ្មានថ្ងៃនេះដែរ។

ព្រមជាមួយគ្នានេះ លោក ផង់ យ៉ុត ក៏បានថ្លែងអំណរអរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជួយស្រោចស្រង់ប្រទេសកម្ពុជា អោយទទួលបានសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍលើគ្រប់វិស័យ។  លោកបន្តថា យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ បាននាំមកនូវសន្ដិភាព និងការឯកភាពជាតិពេញលេញ។

ជាងនេះទៀត លោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៣១ ក៏បានសរសើរ ចំពោះការយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រង មជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានលទ្ធផលខ្ពស់។

ក្រោយពីបានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សហការី និង ជនរងគ្រោះ ដោយសារគ្រឿងញៀនរួចមក លោក ផង់ យ៉ុត  ក៏បានថ្លែងអំណរគុណ លោកបណ្ឌិតសាស្ត្រាចារ្យ ចាន់ សំអាន ដែលបានចូលរួមចំណែកជួយសង្គម ជាពិសេសជួយដល់ មជ្ឈមណ្ឌលកែប្រែ នូវថវិកាចំនួន ៤លានរៀល- អង្ករ ១តោន- ទឹកសុទ្ធ ១០០យួរ និង នំបុ័ង ៥០០ដើម៕

អត្ថបទដែលជាប់ទាក់ទង