សកម្មភាពបើកបវេសនកាល ឆ្នាំសិក្សា២០២១-២០២២ នៅសាលាបឋមសិក្សាអូរតាសេក..

ខេត្តព្រះសីហនុ៖ លោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចុះជួយឃុំអូរឧកញ៉ាហេង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ នៅសាលាបឋមសិក្សាអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមការងារ លោកមេឃុំ លោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

ឱកាសនោះ លោក ហែម ហុន នាយកសាលាបឋមសិក្សាអូរតាសេក បានឲ្យដឹងថា សាលាមានសិស្សសរុបចំនួន ២៩៣នាក់ ស្រី១២៩នាក់ មានអគារសិក្សា ១ខ្នង មាន ៥បន្ទប់ មានលោកគ្រូអ្នកគ្រូចំនួន ១១នាក់ស្រី ៤នាក់។

ចំំណែក លោក ឈុន សារុំ អនុប្រធានសភាសភាពាណិជ្ជកម្មខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំអូរឧកញ៉ាហេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ក្នុងវិស័យអប់រំ ជាបន្តបន្ទាប់មកនេះ។ ដូចយើងដឹងស្រាប់ហើយថា ស្ថិតក្នុងបរិបទ ដែលពិភពលោក ទទួលរងការវាយប្រហារ និងគំរាមកំហែងពីជំងឺកូវីដ-១៩ ដ៏កាចសាហាវ ប្រទេសកម្ពុជា ក៏បានទទួលរងផលប៉ះពាល់ជាច្រើនលើវិស័យសំខាន់ៗ ក្នុងនោះវិស័យអប់រំ ក៏ត្រូវបានរាំងស្ទះក្នុងដំណើរការរបស់ខ្លួន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការសិក្សា របស់សិស្សានុសិស្ស។ ប៉ុន្តែដោយមានការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការដឹកនាំផ្ទាល់ពី លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ យុវជន និងកីឡា បានធ្វើឱ្យវិស័យអប់រំ យុវជន និង កីឡានៅទូទាំងប្រទេស ធានាបាន នូវគុណភាពដែលអាចទទួលយកបាន។

លោក ឈុន សារុំ បន្តថា អ្វីៗទាំងអស់នេះ ក៏កើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយមនសិការវិជ្ជាជីវៈ របស់លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ ហើយបទពិសោធដ៏លំបាកលំបិន និងស្មុគ្រស្មាញ ដែលយើង ទទួលបានពីជំងឺកូវីដ-១៩ បានធ្វើឱ្យយើងរឹងមាំ ពិសេស ធ្វើឱ្យប្រជាជនកម្ពុជា លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ បានកែទម្លាប់ មកចេះធ្វើអនាម័យ និងចេះថែរក្សាសុខភាព ការពារពីជំងឺនានា។

លោក ឈុន សារុំ ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា ឆ្នាំសិក្សា ២០២១-២០២២ ជាមួយគ្នានេះ ដើម្បីឱ្យដំណើរ នៃការរៀន និងបង្រៀនសម្រាប់ឆ្នាំសិក្សាថ្មីនេះ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និងនិរន្តរភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុង/ស្រុក និងគ្រប់ គ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមរួចជាស្រេច នូវសម្ភារៈអនាម័យ ម៉ាស់ អាល់កុល ដែល សាប៊ូ ឧបករណ៍វាស់ស្ទង់កម្ដៅស្វ័យប្រវត្តិ ការសម្អាតបរិស្ថាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពបង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតនិងកន្លែងលាងសម្អាតដៃបន្ថែមផងដែរ។ ហើយមន្ទីរក៏ដូចជា លោកគ្រូ អ្នកគ្រូទាំងអស់ សូមប្តេជ្ញា យ៉ាងមុតមាំ បំពេញភារកិច្ចឱ្យបានល្អ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀន ប្រកបដោយមនសិការ វិជ្ជាជីវៈ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ភាព សមត្ថភាព និងគុណធម៌ ជាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង  ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការអភិវឌ្ឍពីប្រទេសដែលមាន ចំណូល មធ្យមកម្រិតទាប ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជា ប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង