គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស២នាក់ តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ នគរបាលចរាចរណ៍ស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៨ និង៣៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកសំរាម បុកប៉ះជាមួយ ម៉ូតូម៉ាក HONDA នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ បណ្តាលឲ្យមនុស្ស ០២នាក់ បានស្លាប់ នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា រថយន្តដឹកសំរាម ០១គ្រឿង ម៉ាក DAEWOO ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរមានទិសដៅពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

ដោយឡែក អ្នកបើកបរម៉ូតូ ០១ គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ មិនស្គាល់អត្តសញ្ញាណ(ស្លាប់) បើកបរទិសដៅពី ខេត្តព្រះសីហនុឆ្ពោះទៅ ភ្នំពេញ មានអ្នករួមដំណើរ ០១នាក់ទៀត ឈ្មោះ សំ ចិត្រា (ស្លាប់) ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន សាកសពខាងលើ ត្រូវបានយកមកតម្កល់ទុកនៅវត្តបិតត្រាំង ដើម្បីស្វែងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង