សម្ដេច ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋានទាំងដូសជំរុញ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩។

សម្ដេច បញ្ជាក់ថា គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំង គួបផ្សំជាមួយ វិធានការសុខាភិបាល ៣ការពារ និង៣កុំ នោះទេ។

តាមការបង្ហោះសារ នៅលើផេកផ្លូវការ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ពីរនាក់ បានហើយ។ ថ្ងៃនេះខ្ញុំ និងភរិយាចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកូវីដ-១៩។

សម្ដេចតេជោ បានបញ្ជាក់បន្តថា គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំ នោះទេ។ ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំ នៅគ្រប់ទីកន្លែង តែពួកគាត់ មិនអាចការពារខ្ញុំ មិនឱ្យឆ្លងកូវីដ-១៩បានឡើយ។ ប្រពន្ធ និងកូនៗ ព្រមទាំងចៅៗ របស់ខ្ញុំ ក៏មិនអាចការពារខ្ញុំបានដែរ។

និយាយរួម គ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនខ្ញុំបាន៕

អត្ថបទដែលជាប់ទាក់ទង