កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ នៅទ្វីបអាស៊ី ជាប្រទេសល្អបំផុត សម្រាប់អ្នកចូលនិវត្តន៍មករស់នៅ..

រាជធានីភ្នំពេញ៖ គេហទំព័រ  International Living បានចេញផ្សាយ កាលពីពេលថ្មីៗនេះថា ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៅទ្វីបអាស៊ី និងលេខ១៤ ទូទាំងពិភពលោក ជាប្រទេស ដែលល្អបំផុត សម្រាប់អ្នកដែលបានចូលនិវត្តន៍ មករស់នៅ ក្នុងឆ្នាំ២០២២។

ក្នុងនោះ ព្រះរាជាណាចក្រថៃឡង់ដ៏ បានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ទ្វីបអាស៊ី និងលេខ១១ ទូទាំងពិភពលោក។

ដោយឡែក សម្រាប់ប្រទេសនៅទូទាំងពិភពលោក គឺ ប្រទេសប៉ាណាម៉ា (Panama) ជាប់លេខ១ ប្រទេសកូស្តារីកា (Costa Rica) ជាប់លេខ២ និងលេខ៣ គឺប្រទេសម៉ិចស៊ីកូ (Mexico)។

ប្រទេសអេក្វាឌ័រ (Equador) ប្រទេសកូឡុំប៊ី (Colombia) ប្រទេសបារាំង (France) ប្រទេសម៉ាល់តា (Malta) ប្រទេសអេស្ប៉ាញ (Spain) ប្រទេសអ៊ុយរូហ្គាយ (Uruguay) ប្រទេសអៀរឡង់ (Ireland) និងប្រទេសប៉េរូ (Peru) បានជាប់ចំណាត់ថ្នាក់បន្តបន្ទាប់។

ព្រះរាជាណាចក្រកម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់ជាទីកន្លែងដ៏ល្អបំផុតមួយ នៅក្នុងចំណោមទីកន្លែងដ៏ល្អផ្តាច់គេទាំង១០ សម្រាប់ដំណើរទេសចរណ៍ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

នេះបើយោងតាម ការចេញផ្សាយរបស់ទស្សនាវដ្តី Forbes ដ៏ល្បីល្បាញ របស់សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះផងដែរ។

ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២១ និងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានវាយតម្លៃថា រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រាសាទអង្គរ ក៏បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទ ដែលល្បីល្បាញបំផុតនៅអាស៊ីផងដែរ ក្នុងចំណោមប្រាសាទចំនួន ១០ នៅទូទាំងពិភពលោក៕

ប្រភព៖ AKP

ដោយ ផែន រតនៈ

អត្ថបទដែលជាប់ទាក់ទង