នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីប្លន់ម៉ូតូ

ខេត្តព្រះសីហនុ៖ នគរបាលខេត្ដព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំបិតបុ័ងតោ, ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ) នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ បានធ្វើការស្រាវជ្រាវ និងបានដាក់កម្លាំងតាមដងផ្លូវត្រង់ចំណុចសំខាន់ ដើម្បីចាំស្ទាក់ចាប់ជនសង្ស័យ។ រហូតដល់ម៉ោង ២១និង១៥នាទី ថ្ងៃដដែ ទើបសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ ជាជនជាតិខ្មែរ ភេទប្រុស នៅចំណុចផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រីឯជនសង្ស័យ ០១នាក់ ទៀត ជាជនជាតិខ្មែរ ភេទប្រុស បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់។ រហូតដល់វេលាម៉ោង ០៣និង២០នាទី ទៀបភ្លឺ ឈាងចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ច បានបន្តឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ទៀត ជាជនជាតិខ្មែរ ភេទប្រុស។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ០៥នាក់ រួមមាន៖ ឈ្មោះ ហុក ចិត្រា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ រាជធានីភ្នំពេញ, ឈ្មោះ ព្រំ ឈៀងសៀវថង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសឹង ឃុំរការខ្នង ស្រុកដូនកែវ ខេត្តតាកែវ, ឈ្មោះ ហន ប៊ុនថុង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត, ឈ្មោះ យ៉ាង វាសនា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកប្រើស ស្រុកកំពង់ត្រាច ខេត្តកំពត, និងឈ្មោះ អំ ពេជ ហៅ ពេជ្រ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ កាំបិតបុ័ងតោ ០១ដើម (ឧបករណ៍ធ្វើសកម្មភាព), កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ មានគ្រឿងសម្អាងមួយចំនួន (ផលនៃអំពើប្លន់), កាបូបលុយតូចវែង ០១ ពណ៌ខ្មៅ មានកាតផ្សេងៗ មួយចំនួន (ផលនៃអំពើប្លន់), ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone11 pro ពណ៌ខ្មៅ (ផលនៃអំពើប្លន់), ម៉ូតូចំនួន ០៥គ្រឿង៖ ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈ កំពត 1R-7442 (មធ្យោបាយជិះធ្វើសកម្មភាព និងជាផលនៃអំពើប្លន់នៅខេត្តកំពត), ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ (ផលនៃអំពើប្លន់), ម៉ូតូម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈ ព្រៃវែង 1R-6102 (ផលនៃអំពើប្លន់), ម៉ូតូម៉ាក Honda Scoppy ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខៈ កំពត 1S-8446 (មធ្យោបាយជិះធ្វើសកម្មភាព), ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈ កំពត 1Q-7988 (មធ្យោបាយជិះធ្វើសកម្មភាព)។

ចំណែក ជនរងគ្រោះទាំង ០២នាក់រួមមាន៖ ឈ្មោះ តាត់ ភត្រ្តា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ វិមានខ្សាច់ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (រងរបួស៖ដាច់រលាត់ម្រាមដៃខាងឆ្វេង និងជង្គុង) និង ឈ្មោះ ប្រាក់ ច័ន្ទដាលីន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួស៖ ច្រមុះ, មាត់, រលាត់ដៃខាងឆ្វេង និងរលាត់ជើងត្រង់ចង្គង់ខាងឆ្វេង។

សម្ភារដែលជនរងគ្រោះបាត់បង់ រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈ ព្រៃវែង 1R-6102, កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ, ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក Iphone11 pro ពណ៌ខ្មៅ, iphone8 ពណ៌ខ្មៅ), គ្រឿងសម្អាងមួយចំនួន, កាបូបលុយតូចវែង ០១ពណ៌ខ្មៅ, លុយខ្មែរ ចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល), អត្តសញ្ញាណប័ណ្ណ ០២សន្លឹក និងកាតចាក់វ៉ាកសាំង ០២សន្លឹក។

បន្ទាប់ពីសមត្ថកិច្ច បានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ក្រុមបក្ខពួករបស់គេ ដែលចេញធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំបិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ សរុបមានគ្នាចំនួន ០៩នាក់ ដោយបច្ចុប្បន្នត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ០៥នាក់។ ហើយក្រុមជនសង្ស័យ បានធ្វើសកម្មភាពកន្លងមករួមមាន៖
១- នៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំបិតបុ័ងតោ, ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃបានចំនួន ០៨ករណី។
២- នៅខេត្តកំពត ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ, កាំបិតបុ័ងតោ, ដំបងដែក
កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៥ករណី។
៣- នៅរាជធានីភ្នំពេញ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ, កាំបិតបុ័ងតោ, ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៦ករណី ។
៤- នៅខេត្តតាកែវ មានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ ផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ដោយឡែក ចំពោះបក្ខពួករបស់ជនសង្ស័យ ដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង