ប្រធានគណ:គ្រូពេទ្យជាតិ ជម្រុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់..

ខេត្តសៀមរាប: រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:គ្រូពេទ្យជាតិ លោកវេជ្ជបណ្ឌិត ធា គ្រុយ បានជំរុញដល់គណ:គ្រូពេទ្យខេត្តសៀមរាប ត្រូវស្រង់ឈ្មោះគ្រូពេទ្យទាំងឡាយណា ដែលកំពុងប្រកបវិជ្ជាជីវ: ហើយមិនព្រមទៅចុះបញ្ជីការស្របតាមគោលការណ៍ក្រសួង ដើម្បីមានវិធានការតាមផ្លូវច្បាប់។

មានប្រសាសន៍ តាមប្រព័ន្ធZoom ក្នុងពិធីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រលើកទី១២ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត ធា គ្រុយ បានលើកឡើងថា ការចុះបញ្ជីការនៅក្នុងការប្រកបវិជ្ជាជីវ:វេជ្ជសាស្រ្ត ចាំបាច់ណាស់ ដើម្បីឲ្យយើងដឹងថា តើគ្រូពេទ្យទាំងនោះមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការព្យាបាលអ្នកជំងឺ ឬអត់? ដោយឡែកចំពោះគ្រូពេទ្យទាំងឡាយណា ដែលមិនបានចុះបញ្ជីការ ហើយបន្តលួចលាក់ព្យាបាលអ្នកជំងឺនោះមានន័យថា ខុសច្បាប់ ដូច្នេះ គណ:គ្រូពេទ្យខេត្ត ត្រូវចុះស្រង់បញ្ជីគ្រូពេទ្យទាំងនោះ រួចបញ្ជូនមកមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលខេត្ត និងគណ:គ្រូពេទ្យជាតិ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

លោក ក៏បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សហភាតរទាំងអស់ ដែលពុះពារជម្នះបញ្ហាប្រឈម និងការលំបាកជាច្រើន ក្នុងការបំពេញភារកិច្ច នាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងភាពងាយស្រួលស្វែងរកសេវាពិនិត្យ ព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ។

លោកសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា ដើម្បីឱ្យការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ និងអ្នកស្វែងរកសេវាព្យាបាលឱ្យបានប្រសើរ និងប្រកបដោយគុណភាព ត្រូវមានកត្តាជាច្រើនរួមបញ្ចូលគ្នា ក្នុងនោះ មានកត្តាពីរដែលចាំបាច់ គឺសមត្ថភាពបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវ:របស់គ្រូពេទ្យ ដែលជាកត្ដាមិនអាចខ្វះបានឡើយ ។

លោក បានចាត់ទុកទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រនេះថា ពិតជាមានសារ:សំខាន់ណាស់ ក្នុងការពង្រឹង និងបង្កើនការពិនិត្យតាមដាននូវអ្វី ដែលកើតឡើងថ្មី និងប្រែប្រួលពាក់ពន្ឋ័ទៅនឹងវិស័យសុខាភិបាល ហើយជាក្រមសីលធម៌សមាជិកគណ:គ្រូពេទ្យទាំងអស់ ត្រូវមានកាតព្វកិច្ចយកវិជ្ជាជីវ: និងសមត្ថភាពរបស់ខ្លួន ទៅធ្វើការបណ្តុះបណ្តាលបន្តជូនដល់គ្រូពេទ្យនៅតាមបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តផ្សេងៗទៀតទាំងអស់ ។

លោក បានបញ្ជាក់យ៉ាងច្បាស់ថា គ្រូពេទ្យទាំងអស់ បើចង់បន្តវិជ្ជាជីវ:ជាគ្រូពេទ្យ នៃមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្តណាមួយ ត្រូវមានកាតព្វកិច្ចចុះបញ្ជីជាសមាជិកគណ:គ្រូពេទ្យជាដាច់ខាត បើមិនបានចុះបញ្ជីជាសមាជិកគណ:គ្រូពេទ្យទេ មិនអនុញ្ញាតឲ្យពិនិត្យ ព្យាបាលជំងឺ ឬបើកកន្លែងប្រកបរបរវេជ្ជសាស្ត្របានទេ ។

បើតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណ:គ្រូពេទ្យខេត្តសៀមរាប ឲ្យដឹងដែរថា ខេត្តសៀមរាប នៅក្នុងខេត្តនេះ បច្ចុប្បន្នមានគ្រូពេទ្យ ជាជនជាតិខ្មែរចំនួន ៥៧៤នាក់ និងគ្រូពេទ្យជនជាតិបរទេសចំនួន ៩៨នាក់ បានចុះបញ្ជីការ ។

របាយកាណ៍ដដែល ក៏បានបង្ហាញថា នៅមានគ្រូពេទ្យចំនួន ៨៧នាក់ទៀត មិនទាន់បានមកបន្តបញ្ជីការរបស់ខ្លួននៅឡើយ ។

លោក វេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល បានសូមសំណូមពរគ្រូពេទ្យ ដែលមិនទាន់ចុះបញ្ជីការ សូមប្រញាប់រួសរាន់ទៅចុះឈ្មោះ ដើម្បីឱ្យស្របទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:សុខាភិបាល នៃព្រះរាជាណចក្រកម្ពុជា និងសំណូមពរដល់សមាជិកគណ:គ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់មកបន្តសុពលភាពប្រចាំឆ្នាំឱ្យបានទៀងទាត់ ចៀសវាងបម្រើការដោយគ្មានសុពលភាព (បាត់បង់សមាជិកភាព) ដែលអាចជួបនូវផលវិបាកជាយថាហេតុមួយចំនួនដោយចៃដន្យ៕ ប្រភព FB: KK

អត្ថបទដែលជាប់ទាក់ទង