លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិច ២ក្បាលទៀត លែងចូលសមុទ្រធម្មជាតិវិញ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានបន្តនាំយកសត្វក្រាស់ ឬសត្វល្មិច ទម្ងន់ធ្ងន់ចំនួន ០២ក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។ ហើយការលែងលើកនេះ គឺជាលើកទី១២៩ហើយ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គ្រប់ពេលដែលរូបលោក នាំយកសត្វក្រាស់ ឬសត្វល្មិច ទៅលែងម្តងៗ គឺបានមានកឹបសៀល ស្របតាមបច្ចេកទេស សម្រាប់សម្គាល់សត្វក្រាស់ ឬសត្វល្មិច ដែលត្រូវបានលែង ចូលទៅក្នុងសមុទ្រ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ។ ហើយថា សៀលដែលកឹបលើសត្វក្រាស់ និងសត្វល្មិចលើកនេះគឺ KH 0390 និងKH 0391។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ការកឹបសៀលសម្គាល់បែបនេះ វាមានសារៈសំខាន់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ព្រោះ ប្រសិនបើមានការនេសាទចាប់បានសត្វក្រាស់ ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ គឺអ្នកនេសាទទាំងនៅក្នុងប្រទេសយើង ឬអ្នកនេសាទ នៅតាមបណ្តាប្រទេសនានា នឹងលែងចូលក្នុងសមុទ្រវិញ ដោយមិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មនោះទេ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ នៅពេលអ្នកនេសាទចាប់បានសត្វក្រាស់ ឬសត្វល្មិច គឺពួកគាត់តែងនាំយកមកប្រគល់ជូនរូបលោក ដើម្បីនាំយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រវិញ ដើម្បីអភិរក្ស។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ការចូលរួមសហការ របស់បងប្អូនប្រជានេសាទ ដែលបានចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល ជាមួយរូបលោក ក៏ដូចជាសង្គមជាតិ ជាបន្តបន្ទាប់មកនេះ៕

អត្ថបទដែលជាប់ទាក់ទង